អភិបាលខេត្តកំពង់ចាម ណែនាំដល់អភិបាលស្រុកទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះ ទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង


កំពង់ចាម:ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អភិបាលស្រុកទាំងអស់ ឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតឡើងលើប្រជាពលរដ្ឋ។
ក្នុងឱកាសជួបជាមួយប្រជាកសិករក្នុងកម្មវិធីបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យអាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមទប់ស្កាត់គ្រោះមហន្តរាយ ដោយប្រើប្រាស់កម្លាំងគ្រប់ប្រភេទ ដើម្បីត្រៀមឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយអាជ្ញាធរ ដើម្បីចូលរួមការពារនិងទប់ស្តាត់គ្រោះទឹកជំនន់ ដែលអាចកើតឡើងគ្រប់ពេលវេលា ខណៈបច្ចុប្បន្នទឹកជំនន់ កំពុងតែធ្វើឱ្យមានការលិចលង់នៅតាមបណ្តាខេត្តផ្សេងៗ និងបណ្តាលឱ្យមានមនុស្សស្លាប់ថែមទៀតផង៕ ​