ក្រសួងកសិកម្មត្រៀមបញ្ចេញគ្រាប់ពូជស្រូវនិងដំណាំផ្សេងៗ ដើម្បីស្តារការខូចខាតដោយគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ


ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រៀមបញ្ចេញគ្រាប់ពូជស្រូវនិងដំណាំផ្សេងៗ ជូនដល់កសិករយកទៅដាំដុះឡើងវិញ បន្ទាប់ពី រងផលប៉ះពាល់ពីគ្រោះទឹកជំនន់។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្រសួងបានត្រៀមពូជស្រូវ និងដំណាំផ្សេងៗទៀត ដែលមានគុណភាពខ្ពស់ សម្រាប់ផ្តល់ជូនប្រជាកសិករដែលរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងនៅសល់ពូជស្រូវប្រមាណជា១៨០០តោន និងពូជបន្លែប្រមាណជា១៦តោន ដើម្បីជួយគាំទ្រក្នុងការ
ស្តារធ្វើឱ្យប្រសើរឡើងវិញ នូវការបង្ករបង្កើនផល នៅពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបញ្ជាក់ថា៖ «យើងបាន
រៀបចំបណ្តាញដែលមានជំនាញតាមរយៈគម្រោងនានា ពិនិត្យមើលតើតំបន់ណាដែលអាចបន្តធ្វើការដាំដុះស្រូវក្នុងរយៈពេលខ្លី ២ទៅ៣ខែ ឬតំបន់នោះគួរប្រើពូជអ្វីបានខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារជីវភាពឡើងវិញ ។
បច្ចុប្បន្ននេះ ក្រសួងនៅសល់ពូជ
ស្រូវប្រមាណជា១៨០០តោន ដោយក្នុងមួយឆ្នាំត្រៀមពូជស្រូវ២ពាន់តោន
តែយើងបានប្រើប្រាស់អស់ជាង២០០
តោនសម្រាប់គ្រោះរាំងស្ងួតកន្លងទៅ
នេះ។ ពូជស្រូវដែលនៅសល់១៨០០
តោននេះ យើងនឹងត្រៀមចែកចាយទៅតាមបណ្តាខេត្តគោលដៅនានា ដើម្បីជួយធ្វើការស្តារឱ្យប្រសើរឡើងវិញ ដោយក្នុងនោះ ក៏យើង
នៅសេសសល់ពូជបន្លែប្រមាណជា១៦តោនដែរ»។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យគ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទក្រសួង បង្កើនយុទ្ធនាការជំរុញការដាំដុះដំណាំរយៈពេលខ្លី ដូចជាការចិញ្ចឹមសត្វ និងការងារវារីវប្បកម្មនៅតាមបណ្តាខេត្ត ដែលបាននឹងកំពុងរងផល
ប៉ះពាល់ ដើម្បីលើកកម្ពស់ជីវភាពរស់
នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា កន្លងមកនេះ រាជរដ្ឋាភិបាលបានបញ្ចេញ គ្រាប់ពូជស្រូវ ប្រមាណជា២០០តោន ជួយកសិករដែលជួបគ្រោះរាំងស្ងួត នៅខេត្តត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ តាកែវ កំពង់ចាម និង ខេត្តស្ទឹងត្រែង៕