ក្រសួងកិច្ចការនារីបន្តជួយដល់ស្រ្តីដែលមានបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា


ភ្នំពេញ៖ ក្រសួងកិច្ចការនារីបន្តជួយដល់ស្រ្តីដែលមានបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលមានវិបត្តិកូវីដ*១៩ដើម្បីដោះស្រាយបញ្ហាវិវាទក្នុង វិបត្តិគ្រួសារ។
លោកស្រី ស ស៊ីណែត អគ្គនាយិការងនៃក្រសួងកិច្ចការនារី បានប្រាប់វិទ្យុជាតិកម្ពុជាថា ទោះបីជាជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងរីករាលដាលជាសកល និងក្នុងប្រទេសកម្ពុជាក៏ដោយ ក៏បញ្ហាផ្លូវចិត្ត ភាគច្រើនកើតមានតែទៅលើស្ត្រីមេផ្ទះ និង ស្រ្តីទទួលបន្ទុកកិច្ចការផ្សេងៗទៀតក្នុងបន្ទុកគ្រួសារ ដែលទាំងនេះគឺជាបញ្ហាងាយប្រឈមខ្លាំង ចំពោះការឆ្លងជំងឺ កូវីដ-១៩ ដែលតម្រូវឱ្យយើងត្រូវតែរួមគ្នាបន្តជួយព្យាបាលជំងឺផ្លូវចិត្តដល់ស្រ្តី។
ក្នុងអំឡុងកូវីដ-១៩នេះ ទោះបីក្រសួងកិច្ចការនារីមិនបានចុះទៅតាមមូលដ្ឋាន ក្នុងការជួបជុំគ្នាច្រើន ប៉ុន្តែក្រសួងមានមធ្យោបាយថ្មី តាមបរិបទការងារនៃប្រព័ន្ធអនឡាញ សម្រាប់បង្រៀនទៅដល់អ្នកផ្តល់សេវាទាំងអស់ រៀនពីរបៀបធ្វើការឆ្លើយតបពីចម្ងាយសម្រាប់ជួយដល់ជនរងគ្រោះ ដូចជាស្ត្រីនិងកុមារី ដែលគាត់រងគ្រោះដោយសារ ផលប៉ះពាល់នៃអំពើហិង្សាក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ។
លោកស្រីបញ្ជាក់ថា៖ «អ៊ីចឹងហើយបានក្រសួងកិច្ចការនារីគិតគួរធ្វើយ៉ាងម៉េច ?ដើម្បីផ្តល់ឱកាសនិងផ្តល់ជំនួយទៅពួកគាត់។ ក្រោមការគ្រប់គ្រងអង្គការដៃគូពាក់ព័ន្ធ យើងបានរៀបចំការផ្សព្វផ្សាយតាមលេខទូរស័ព្ទឬតាមរយៈខិត្តប័ណ្ណផ្សេងៗទៀត ដើម្បីចែកជូនទៅដល់សហគមន៍នៅពេលមានករណីវិវាទក្នុងគ្រួសារកើតឡើង អាចទំនាក់ទំនងតាមទូរស័ព្ទបណ្តាខេត្ត និងលេខទូរស័ព្ទរបស់ក្រសួងកិច្ចការនារី។ នេះជាសារទំនាក់ទំនងអ្នកផ្តល់សេវា ក៏ដូចជាអ្នកទទួលរងគ្រោះ អាចទាក់ទងគ្នា តាមប្រព័ន្ធអនឡាញដើម្បីងាយស្រួលក្នុងការជួយពួកគាត់»។
សូមបញ្ជាក់ថា ក្នុងវិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យមនុស្សទូទៅ ទទួលរងនូវផលប៉ះពាល់ផ្នែកផ្លូវចិត្តនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យ ប៉ះពាល់ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទៀតផង៕​