ការបង្កាត់ពូជបែបសិប្បនិម្មិតទៅលើមាន់ស្រែចំណេញទាំងពេលវេលានិងទទួលបានទិន្នផលច្រើន

វិទ្យុជាតិកម្ពុជា៖ ស្រីផល


MC៖ ការបង្កាត់ពូជបែបសិប្បនិម្មិតទៅលើមាន់ស្រែ ជាបច្ចេកថ្មីមួយ ដែលអាចឱ្យប្រជាកសិករចំណេញពេលវេលា និងទទួលបានបរិមាណទិន្នផលច្រើន ជាងការបង្កាត់ពូជតាមលក្ខណៈធម្មជាតិ។
លោក រស់ ឆាំងគី ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែខេត្តពោធិសាត់ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា
ពីមុនយើងបង្កាត់ពូជមាន់ដោយឱ្យមាន់ឈ្មោលជាន់លើមេមាន់ ប៉ុន្តែឥឡូវនេះ គឺមានបច្ចេកទេសថ្មី ដោយយកស្ពែមរបស់មាន់ឈ្មោលមកចាក់បញ្ជូលក្នុងមេមាន់ជំនួសវិញ ធ្វើឱ្យមេមាន់ពងជារៀងរាល់ថ្ងៃ ដើម្បីយកទៅភ្ញាស់។ ចំពោះមាន់ដែលអាចបង្កាត់ពូជបែបសិប្បនិម្មិតនេះបាន គឺមេមាន់ត្រូវមានអាយុចាប់ពី៦ខែឡើងទៅ ហើយមាន់ឈ្មោល ត្រូវមានអាយុចាប់ពី៨ខែ និងមានទំងន់ប្រហែល២,៥គីឡូក្រាម។
ការបង្កាត់វាអាស្រ័យទៅលើអ្នកបង្កាត់ អ្នកខ្លះអាចបង្កាត់រាល់ថ្ងៃ អ្នកខ្លះទៀតពីរថ្ងៃម្ដង តែយ៉ាងហោចណាស់ពីរថ្ងៃម្ដង ដើម្បីបង្កាត់ទៅលើមេទាំងអស់ហ្នឹង ហើយជារួមយើងបង្កាត់រាល់ពីរថ្ងៃម្ដង វាជាអ្វីដែលយើងកំពុងតែធ្វើ ហើយយើងបង្កាត់នៅពេលព្រឹក នៅពេលល្ងាច ឬក៏ពេលយប់ ការបង្កាត់នៅពេលដែលមានអាកាសធាតុត្រជាក់បែបហ្នឹង គឺដើម្បីធានាបាននូវការបង្កកំណើតកម្រិតខ្ពស់ ហើយវាធ្វើឱ្យអត្រាមានមេជីវិតហ្នឹងគឺខ្ពស់ដែរ។
លោកបានបន្តថា ចំពោះកូនមាន់ស្រែដែលមានអាយុ២ទៅ៣ថ្ងៃ អាចលក់បានក្នុងតម្លៃ៣៥០០រៀលក្នុងមួយក្បាល អាយុ៧ថ្ងៃបានតម្លៃ៤០០០រៀល អាយុ១៥ថ្ងៃតម្លៃ៥០០០រៀល និងអាយុ២១ថ្ងៃ បានតម្លៃ៦០០០រៀលក្នុងមួយក្បាល។
សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់ស្រែរបស់លោក រស់ ឆាំងគី ស្ថិតនៅក្នុង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ដោយកសិដ្ឋានរបស់លោក មានមាន់ស្រែសរុបចំនួន៥០០ក្បាល ហើយក្នុងមួយថ្ងៃៗអាចហុចផលបាន ចំនួនពី១៥០ទៅ២០០ពង៕​