ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៣៧១គ្រួសារ នៅស្រុកសាលាក្រៅ ទទួលអំណោយសង្គ្រោះបន្ទាន់ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា៖
ប៉ៃលិន៖ ឯកកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្រុមការងារ រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ទៅចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ហើយទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក៍សម្តេចទាំងទ្វេ មិនទុកអោយប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ ដោយសារអត់បាយ ដោយមិនបានដឹង និងមិនបានជួយសង្គ្រោះនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង ដងអូរ និងតំបន់ទំនាប សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា ដែលអាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ហើយត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម ជាពិសេសសូមកុំភ្លេចអោយសោះ នូវជំងឺឆ្លងកូវីដ-១៩ គឺយើងត្រូវរួមគ្នាទប់ស្កាត់ដោយលាងដៃនឹងសាប៊ូ អាកុល ឬជែល អោយបានញឹកញាប់ និងត្រូវ ពាក់ម៉ាស់ជានិច្ចនៅពេលដែលជួបជុំគ្នាមានមនុស្សច្រើន។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលានិងបញ្ជូនទៅកាន់ទីទួលមានសុវត្ថិភាព។
សូមបញ្ជាក់ថា៖ អំណោយដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៣៧១គ្រួសារ នៅ២ឃុំស្មើរនឹង១៥ភូមិ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ១០គីឡូក្រាម ត្រីខ ១យួ មី ១កេស ផងដែរ៕ អត្ថបទ៖ ញ៉ឹប បូរី ប៉ៃលិន