មនុស្ស ១៣នាក់ស្លាប់ និងជាង ១០០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅខេត្ត Ghor នៃប្រទេសអាហ្វហ្គានីស្ថាន

AKP ភ្នំពេញថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០​ – កាលពីថ្ងៃអាទិត្យ ប្រធានមន្ទីរពេទ្យកណ្តាលបាននិយាយថា មានមនុស្សចំនួន ១៣នាក់បានស្លាប់ និង ១០២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រាប់បែកមួយបានផ្ទុះឡើងនៅជិតទីបញ្ជាការប៉ូលីសក្នុងខេត្ត Ghor ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។

ការផ្ទុះនេះបានកើតឡើងនៅទីក្រុង Firuzkoh ។ រួមជាមួយទីស្នាក់ការកណ្តាលប៉ូលីស ការិយាល័យយុត្តិធម៌ មន្ទីរកិច្ចការនារី និងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួនទៀតស្ថិតនៅក្នុងតំបន់ផ្ទុះនោះ។

ប្រធានមន្ទីរពេទ្យ លោក Mohammad Omar Lalzad បាននិយាយថា អ្នករងរបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រហូតមកដល់ពេលនេះនៅមិនទាន់មានក្រុមសកម្មប្រយុទ្ធណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

ក្នុងរយៈពេលមួយសប្តាហ៍ ទីក្រុងរបស់ខេត្តនេះត្រូវបានគេមើលឃើញនូវការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងកងកម្លាំងសន្តិសុខ និងពួកសកម្មប្រយុទ្ធតាលីបង់ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ។

សហរដ្ឋអាមេរិក និងចលនាតាលីបង់ ដែលជាចលនាប្រឆាំងប្រដាប់អាវុធដ៏ធំរបស់ប្រទេសអាហ្វហ្គានីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយកាលពីខែកុម្ភៈ ដែលបានបើកផ្លូវសម្រាប់ការកាត់បន្ថយអំពើហឹង្សានៅក្នុងប្រទេសនេះ ការដកកងទ័ពបន្តិចម្តងៗ និងសម្រាប់កិច្ចចរចាផ្ទៃក្នុងអាហ្វហ្គានីស្ថានដែលបានចាប់ផ្តើមនៅប្រទេសកាតាកាលពីដើមខែនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)