អង្គការសហប្រជាជាតិកិច្ចពិភាក្សាអំពាវនាវឱ្យមានក្របខ័ណ្ឌច្បាប់ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត

AKP ភ្នំពេញថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០​ – ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញអំពីចំណុចខ្សោយ និងភាពងាយរងគ្រោះរបស់សហគមន៍អន្តរជាតិ ក៏ដូចជាចន្លោះប្រហោងនៃប្រព័ន្ធច្បាប់សកល ដែលត្រូវដោះស្រាយដើម្បីបង្កើនភាពធន់ និងបង្កើនសមត្ថភាពទប់ទល់នឹងរោគរាតត្បាត ព្រមទាំងបញ្ហាប្រឈមនាពេលអនាគត។

អ្នកការទូតវៀតណាមរូបនេះបានធ្វើការកត់សម្គាល់ដូច្នេះនៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញមួយនៅខាងក្រៅគណៈកម្មាធិការច្បាប់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ កាលពីថ្ងៃទី ១៦ ខែតុលា ដែលមានការចូលរួមពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ៨០ និងសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិរបស់ UN (ILC)។ កិច្ចពិភាក្សាដែលត្រូវបានសហការរៀបចំឡើងដោយបេសកកម្មវៀតណាមប្រចាំនៅ UN ប្រទេសឈីលី ប្រទេសព័រទុយហ្កាល់ ប្រទេសសៀរ៉ាឡេអូន និងប្រទេសតួកគី ក្នុងគោលបំណងវាយតម្លៃទៅលើទិដ្ឋភាពច្បាប់ទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ ។

លោកឯកអគ្គរដ្ឋទូត Quy បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីលើកកម្ពស់យន្តការសហប្រតិបត្តិការអន្តរជាតិ ដោយអង្គការសហប្រជាជាតិដើរតួនាទីកណ្តាល និងការចូលរួមរបស់អង្គការអន្តរជាតិ និងតំបន់ អ្នកពាក់ព័ន្ធ និងសហគមន៍ទាំងអស់ដោយផ្អែកទៅលើការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ស្តីពីសមភាព និងអធិបតេយ្យភាពជាតិ។

សមាជិកជាច្រើននៃ ILC បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីបំពេញក្របខ័ណ្ឌច្បាប់អន្តរជាតិក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានសមាជិកខ្លះអំពាវនាវឱ្យមានឯកសារស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើនការត្រៀមលក្ខណៈ និងសមត្ថភាពឆ្លើយតបរបស់សហគមន៍អន្តរជាតិក្នុងភាពអាសន្ន និងបញ្ហាប្រឈមជាសកល។

លោក Nguyen Hong Thao សមាជិកជនជាតិវៀតណាមនៃ ILC បាននិយាយថា គណៈកម្មាធិការច្បាប់នៃមហាសន្និបាតអង្គការសហប្រជាជាតិនិង ILC គួរតែសិក្សាក្របខ័ណ្ឌច្បាប់អន្តរជាតិ ស្តីពីកិច្ចការពារពលរដ្ឋពីបញ្ហាប្រឈមជាសកល រួមទាំងជំងឺផង។

អ្នកតំណាងផ្សេងៗទៀតជឿជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានបង្កបញ្ហាផ្នែកច្បាប់ជាច្រើនដែលត្រូវយកមកពិចារណា។ ពួកគេបានគាំទ្រដល់កិច្ចសហការអន្តរជាតិជាមួយ UN នៅក្នុងជំហរកណ្តាល ដើម្បីធានាថា ប្រទេសទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវឧបករណ៍វេជ្ជសាស្ត្រ ឱសថ និងវ៉ាក់សាំងការពារ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)