វៀតណាមអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ប្រទេសស៊ូដង់ខាងត្បូង

AKP ភ្នំពេញថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានសម្តែងក្តីសង្ឃឹមថា UN អង្គការក្នុងតំបន់ និងដៃគូអន្តរជាតិ នឹងបន្តគាំទ្រដល់ប្រទេសស៊ូដង់ខាងត្បូងក្នុងដំណើរការផ្លាស់ប្តូររបស់ប្រទេសនេះ។

លោក Quy ដែលជាប្រធានគណៈកម្មាធិការសម្រាប់ប្រទេសស៊ូដង់របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) (គណៈកម្មាធិការ ២២០៦) បានធ្វើសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃទី ១៦ ខែតុលា ខណៈដែលលោកបានចូលរួមជាសហប្រធាននៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់គណៈកម្មាធិការនេះជាមួយលោកស្រី Virginia Gamba អ្នកតំណាងពិសេសនៃអគ្គលេខាធិការសម្រាប់កុមារ និងជម្លោះប្រដាប់អាវុធ។

ក្នុងនាមប្រទេសវៀតណាម លោកឯកអគ្គរដ្ឋទូត Quy បានសាទរចំពោះការរីកចម្រើនជាវិជ្ជមាននៅក្នុងស្ថានភាពសន្តិសុខ-នយោបាយរបស់ស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើងកាលពីក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ដោយលោកបាននិយាយថា វាបានជួយសម្រួលដល់កិច្ចការពារក្រុមងាយរងគ្រោះ រួមទាំងកុមារផងដែរ។

លោកបានឆ្លៀតក្នុងឱកាសនោះដើម្បីជំរុញឱ្យរដ្ឋាភិបាលស៊ូដង់ខាងត្បូងបន្តអនុវត្តផែនការសកម្មភាពដើម្បីបញ្ចប់ និងទប់ស្កាត់រាល់ការរំលោភបំពានធ្ងន់ធ្ងរទៅលើកុមារ និងធ្វើការបន្ថែមទៀតដើម្បីធានាឱ្យកុមារទទួលបានអាហារ ការអប់រំ និងការថែទាំសុខភាព។

យោងតាមលោកស្រី Virginia Gamba បានឲ្យដឹងថា ចំនួនកុមារដែលបានស្លាប់ និងរបួសមានការថយចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅក្នុងឆ្នាំ ២០១៨ មក។

លោកស្រីបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអន្តរកាលក្នុងកិច្ចការពារកុមារក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការចុះហត្ថលេខាលើផែនការសកម្មភាពជាមួយ UN កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ផងដែរ។

ទោះជាយ៉ាងណា លោកស្រីបានសង្កត់ធ្ងន់ថា កុមារនៅស៊ូដង់ខាងត្បូងនៅតែបន្តប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំង ចំពេលដែលកំពុងមានការរាតត្បាតនៃជំងឺកូវីដ-១៩ វិបត្តិមនុស្សធម៌ និងការកើនឡើងនូវអំពើហិង្សាក្នុងសហគមន៍៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)