នាយករដ្ឋមន្ត្រីវៀតណាម ផ្ញើសារលិខិតសួរសុខទុក្ខ ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងខណៈកម្ពុជាជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

ក្នុងខណៈដែលកម្ពុជាជួបប្រទះជំនន់ទឹកភ្លៀង ដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជានោះ ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើសារលិខិតសួរសុខទុក្ខ ជូនសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 ក្នុងសារលិខិតចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ របស់នាយករដ្ឋមន្ត្រីវៀតណាម មានខ្លឹមសារថា ខ្ញុំមានក្ដីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំងនាពេលទទួលដំណឹងថា ការអូសបន្លាយនៃភ្លៀងខ្លាំង បានធ្វើឱ្យខេត្ត-ក្រុង ជាច្រើនរបស់ប្រទេសកម្ពុជារងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជនលិច និងការខូចខាតដ៏ធ្ងន់ដល់មនុស្ស និងទ្រព្យសម្បត្តិប្រជាជនកម្ពុជា។ ជំនួសមុខរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្ដមសូម ផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រី អាជ្ញាធរ និងប្រជាជនបណ្ដាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្ដាក្រុមគ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសល នូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងជា្រលជ្រៅបំផុត។

ឯកឧត្ដមនាយករដ្ឋ​មន្រ្ដីមានក្ដីជឿជាក់ដ៏មុតមាំថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជានិងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗដ៏ខ្លីខាងមុខ។

 គួរបញ្ជាក់ដែរថា តាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់១៩ រាជធានី-ខេត្តរបស់កម្ពុជា ស្មើ៩១ក្រុង/ស្រុក/ខណ្ឌ រួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ ប្រជាជនរងផលប៉ះពាល់ប្រមាណ ៧៨ ០៥៦គ្រួសារ ស្មើប្រមាណ ៣១២ ២២៤នាក់។ ប្រជាជនជម្លៀសប្រមាណ ៩ ៣៤៩ គ្រួសារ ស្មើប្រមាណ ៣៧ ៣៩៦នាក់។ ប្រជាជនស្លាប់២៥នាក់។  

ផ្ទះប៉ះពាល់ ប្រមាណ ៧៣ ៧២០ខ្នង និងខូចខាត ៥៦ខ្នង។  សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង។ ស្រូវលិចទឹកប្រមាណ ២១៣ ២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩ ៨៨៨ ហិកតា។  ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ។ ផ្លូវលំជន បទលិចទឹកប្រមាណ ១ ៤៦៧ គីឡូម៉ែត្រ។  ទំនប់ ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ។ ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧,៣ គីឡូម៉ែត្រ។  ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១,៦ គីឡូម៉ែត្រ និង្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥,៩ គីឡូម៉ែត្រ៕

ដោយ ជឹម ណារី

សម្រួលផ្សាយ៖ កន ចំណាន