រដ្ឋមន្រ្តីក្រសួងព័ត៌មានកោតសរសើរមន្ដ្រីក្រោមឱវាទដែលប្រឹងប្រែងបំពេញការងារគ្មានថ្ងៃឈប់សម្រាក ក្នុងការផ្សាយព័ត៌មានទាន់ហេតុការណ៍ពីគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានកោតសរសើរមន្ដ្រីក្រោមឱវាទ ដែលប្រឹងប្រែងបំពេញការងារ គ្មានថ្ងៃឈប់សម្រាក ក្នុងការផ្សាយព័ត៌មានទាន់ហេតុការណ៍ពីគ្រោះទឹកជំនន់ប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្នុងឱកាសនៃការប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា រាល់ព្រឹត្តិការណ៍ទាក់ទង គ្រោះទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអ្នកព័ត៌មានបានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងភ្លាមៗ ដែលទាំងនេះបានបង្ហាញ អោយឃើញកិច្ចប្រឹងប្រែង ដើម្បីផ្តល់ជូននូវរាល់ដំណឹង និងព័ត៌មានដែលអាចទុកចិត្តបាន ហើយប្រពន្ធ័ផ្សព្វផ្សាយមួយចំនួន នៅក្នុងនិងក្រៅប្រទេស ក៏បានដកស្រង់យកទៅផ្សាយផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៃក្រសួងព័ត៌មាន បន្តបំពេញនូវរាល់កិច្ចការងារ ផ្សព្វផ្សាយទាំងលើបញ្ហាទឹកជំនន់ ទាំងលើកិច្ចការងារផ្សេងៗទៀតនោះដែរ ជាពិសេសគ្រប់ស្ថានីយផ្សាយវិទ្យុ ទូរទស្សន៍ និងApp ក្រសួងព័ត៌មាន ត្រូវមានអ្នកប្រចាំការជាប់ជាប្រចាំ ព្រោះកន្លែងផ្សាយមានសារៈសំខាន់ណាស់ មិនអាចដើរចោល បាននោះទេ ។
ឯកឧត្តម បានចាត់ទុកលទ្ធផលការងារទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់អគ្គនាយកដ្ឋានទាំងអស់នៃ ក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេលកន្លងមកនេះ បង្ហាញពីការរួមសហការសាមគ្គីភាពគ្នាបានយ៉ាងល្អ ហើយរាល់ការផ្សព្វផ្សាយរបស់ជាតិ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ដោយបានបង្ហាញពីសមិទ្ធផលនានាលើគ្រប់វិស័យដែលសម្រចបាន៕​​