អភិបាលខេត្តកំពង់ចាម ណែនាំឲ្យប្រជាកសិករ ចិញ្ចឹមសត្វ និងដាំដំណាំតាមលក្ខណ:បច្ចេកទេសកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព

វិទ្យុជាតិកម្ពុជា ៖  ហ៊ាង ថាន់ថា ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០

MC៖  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ប្រជាកសិករ ឱ្យចិញ្ចឹមសត្វ និងដាំដំណាំ តាមលក្ខណៈបច្ចេកទេស របស់មន្ត្រីជំនាញកសិកម្ម ដើម្បីបង្កើនមុខរបរ ក្នុងទិសដៅលើកស្ទួយកម្រិតជីវភាព គ្រួសារឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីចែកសម្ភារបំរើវិស័យកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ (ASPIRE)  របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជូនកសិករចំនួន ១១៧ គ្រួសារនៅភូមិ កំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។

ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនទាំងអស់ នៅក្នុងសហគមន៍ ខិតខំប្រឹងប្រែងទទួលយកនូវអ្វីដែលជាការបណ្ដុះបណ្ដាល របស់មន្ត្រីជំនាញផ្នែកកសិកម្ម យកមកអនុវត្តទៅតាមបច្ចេកទេសថ្មីៗ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមការណែនាំ ដើម្បីឱ្យបងប្អូនទទួលបានទិន្នផលខ្ពស់ ។ ម្យ៉ាងទៀតនៅពេលដែលបងប្អូនប្រជាកសិករយើង អនុវត្តទៅតាមលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ នោះនឹងចំណាយថ្លៃដើមអស់តិច ហើយមិនភ័យព្រួយរឿងទីផ្សារ ពោលគឺមានដៃគូចាំទទួលទិញ។  ឯកឧត្តមបញ្ជាក់ថា ការអនុវត្តបានខ្ជាប់ខ្ជួនពីការដាំដុះបែបបច្ចេកទេសនេះ នឹងធ្វើឱ្យកសិករទទួលបានផលចំណេញច្រើន ដែលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីនោះអាជ្ញាធរខេត្តកំពង់ចាម បានចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករ មានដូចជា កសិករចិញ្ចឹមមាន់៤៣គ្រួសារ កសិករចិញ្ចឹមពពែចំនួន ២៤គ្រួសារ កសិករចិញ្ចឹមគោយកសាច់ចំនួន៤៥គ្រួសារ    និងកសិករចិញ្ចឹមគោយកកូនចំនួន ៥គ្រួសារ ៕