ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលពលករខ្មែរ២៧នាក់ នៅហ្ស៊កដានីឱ្យវិលត្រលប់មកកម្ពុជាវិញ

 វិទ្យុជាតិកម្ពុជា ៖  លោក   អាត   ចន្ធូ   ១៩  ១០  ២០២០

MC៖  ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលពលករខ្មែរចំនួន ២៧នាក់ នៅហ្ស៊កដានីឱ្យវិលត្រលប់មកកម្ពុជាវិញ  បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាការងារ ។ 

តាមការបញ្ជាក់ពីឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹង នៅថ្ងៃទី ១៩  តុលានេះ ថា  ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារនៅក្នុងរោងចក្រវាយនភណ្ឌចំនួន ០២ គឺរោងចក្រ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី ឱ្យបានត្រលប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ Qatar Airways ចាកចេញពីទីក្រុង Amman ប្រទេស ហ្ស៊កដានីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៩:៤០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាមជើងយន្តហោះ Korean Air នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២:១០នាទី។

សូមញ្ជាក់ថា  ស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលជូនពលរដ្ឋ ខែ្មររស់នៅប្រទេសហ្ស៊កដានីបានចំនួន ០៣ លើក សរុបចំនួន ៨៤ នាក់ ឱ្យបានវិលត្រលប់មកប្រទេសកំណើតវិញដោយសុវត្ថិភាព៕