កម្ពុជាកំពុងពង្រឹងវិស័យកសិកម្ម- កសិឧស្សាហកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ច

 វិទ្យុជាតិកម្ពុជា ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០

MC៖  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាកំពុងពង្រឹង វិស័យកសិកម្ម- កសិឧស្សាហកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងស្ថានភាពដែលប្រទេសជាតិ និងពិភពលោក កំពុងរងវិបត្តិជំងឺកូវីត-១៩។

  សម្តេចតេជោហ៊ុនសែន បានសរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេចនាថ្ងៃទី១៩ ខែតុលានេះថា 

នៅក្នុងពេលដែលវិបត្តិជំងឺកូវីត-១៩ កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួន ក៏ប៉ុន្តែចំពោះ វិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។ 

សម្តេចតេជោបញ្ជាក់ថា ជាយន្តការរបស់រាជរដ្ឋាភិបាលត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាស នៃការវិនិយោគក៏ដូចជាការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍនិងភាពរីកចម្រើន នាពេលអនាគតរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រីកទីផ្សារក្នុងការនាំចេញកសិផលមួយចំនួន ដូចជាស្រូវ បន្លែបង្កាចេក ,ដំឡូងមី ស្វាយ ជាដើម ទៅកាន់ទីផ្សារកូរ៉េ ចិន ជប៉ុន និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក៕​