ប្រមុខការពារជាតិ ក្រើនរំលឹកឱ្យពលរដ្ឋ បន្តប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង

 វិទ្យុជាតិកម្ពុជា ៖  លោក  អាត  ចន្ធូ  ១៩  ១០  ២០២០

MC៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ប្រសិនបើមានករណីចាំបាច់ ត្រូវរាយការណ៍ ប្រាប់អាជ្ញាធរជាបន្ទាន់។

សម្ដេចពិជ័យសេនា បានសរសេរក្នុងហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០នេះ  ដោយ សូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង បន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនង ទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា”។

ជាមួយគ្នានោះ សម្ដេចពិជ័យសេនាក៏បានអំពាវនាវ ដល់កងទ័ព ក៏ដូចជាអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវ បន្តចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្ម ជួយសង្រ្គោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង បានវាយប្រហាររាជធានី-ខេត្ត ចំនួន ១៩ ស្មើ៧១ ក្រុង-ស្រុក-ខណ្ឌ ដែលធ្វើឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋចំនួន ប្រមាណ៦១,៣៦៧ គ្រួសារ ស្មើប្រមាណ ២៤៥,៤២៨នាក់ និងបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន២២នាក់ និងធ្វើឲ្យប៉ះពាល់ដំណាំស្រូវ ជាង១៦ម៉ឺនហិកតា ៕​