ឃុំចំនួន៣ ក្នុងស្រុកចំនួន២ នៃខេត្តមណ្ឌលគិរី កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០  ស៊ីផុន ហ៊ុងគ្រី  ខេត្តមណ្ឌលគិរី

MC៖  ឃុំចំនួន៣ ក្នុងស្រុកចំនួន២ នៃខេត្តមណ្ឌលគិរី កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរពាក់ព័ន្ធ កំពុងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ។ 

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ និងផ្ទះសម្បែងមួយចំនួន នៅឃុំចំនួនបី និងស្រុកចំនួនពីរ ក្នុងនោះគឺឃុំណង់ឃីលិក , ឃុំរយ៉ ក្នុងស្រុកកោះញែក និងឃុំមេម៉ង់ ក្នុងស្រុកកែវសីមា តែមិនបណ្តាលឱ្យបាត់បង់ដល់ អាយុជីវិត និងខូចខាតលំនៅឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ។

 ចំពោះស្ថានភាពទឹកដែលឡើងនៅតំបន់មួយចំនួននោះ រហូតមកដល់ពេលនេះ គឺបានស្រកចុះទៅវិញខ្លះហើយ។ ឯកឧត្តម បញ្ជាក់ថា បើទោះបីជានៅតាមឃុំ/ស្រុក ដែលស្ថិតនៅបណ្តោយអូរ ឫទន្លេ ក៏ដូចជាខេត្តទាំងមូល មិនទាន់ជួបបញ្ហាប្រឈម នូវគ្រោះទឹកជំនន់ ដូចបណ្តារាជធានីខេត្តផ្សេងៗក៏ពិតមែន តែអាជ្ញាធរខេត្តត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចូលរួមផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ក្មេងតូចៗ កុំឱ្យលេងទឹកផ្តេសផ្តាស ចៀសវាង មានគ្រោះថ្នាក់ដោយប្រការ ណាមួយជាយថាហេតុ។ ម្យ៉ាងទៀត ក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវបន្តតាមដានឱ្យបានជាប់ជាប្រចាំអំពី ស្ថានភាពទឹកទន្លេ ដើម្បីអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត ក៏បានត្រៀមកម្លាំងចំនួនពីរក្រុម មានកម្លាំងស្នងការនគរបាលខេត្ត កម្លាំងអធិការស្រុក ប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារចំនួន ៦០នាក់ ប្រចាំការ នៅឃុំណង់ឃីលិក ស្រុកកោះញែក និងកម្លាំងស្នងការនគរបាលខេត្តចំនួន ២០នាក់ កម្លាំងតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី ចំនួន១០នាក់ ប្រចាំការនៅឃុំមេម៉ង ស្រុកកែវសីមា ដើម្បីត្រៀមចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានទឹកជំនន់កើតឡើង៕​