ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ ជាប់ជាបណ្ឌិតវិទ្យាសាស្រ្តផ្លូវការពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

វិទ្យុជាតិកម្ពុជា ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០


MC៖ ឯកឧត្តម កាន់ ម៉ន អតីតសមាជិកសភាធម្មនុញ្ញកម្ពុជា ប្រធានគណ:កម្មាធិការទី ៨ និងបច្ចុប្បន្នជា រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជាប់ជាបណ្ឌិតវិទ្យាសាស្រ្តផ្លូវការពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បន្ទាប់ពីបំពេញការសិក្សា និងការពារនិក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យស្របតាមក្រសួងអប់រំយុវជននិង កីឡា។
កាលពីចុងសប្តាហ៍កន្លងទៅនេះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត ដោយគណៈកម្មការវាយតម្លៃបានផ្តល់ពិន្ទុល្អប្រសើរជូនបេក្ខជនបណ្ឌិត កាន់ ម៉ន អតីតសមាជិកសភាធម្មនុញ្ញកម្ពុជា ប្រធានគណ:កម្មាធិការទី ៨ និងបច្ចុប្បន្នជារដ្នលេខាធិការនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់ជា បណ្ឌិតវិទ្យាសាស្ត្រជាស្ថាពរចាប់ពីពេលនេះតទៅ ដោយធ្វើការកែសម្រួលលើអក្ខរាវិរុទ្ធដើម្បីឈានទៅរៀបចំ ការបោះពុម្ពផ្សាយនិក្ខេបបទវិទ្យាសាស្ត្រសម្រាប់តម្កល់ជាប្រយោជន៍សាធារណៈនៅតាមគ្រឹះស្ថានសិក្សានានា។
ឯកឧត្តមបណ្ឌិត កាន់ ម៉ន បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងក្របខណ្ឌគុណវុឌ្ឍិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែល បានលើកយកប្រធានបទ “ការអនុវត្តច្បាប់ស្តីពីការងារ លើវិស័យការងារនៅកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ។
ការសិក្សាលើប្រធានបទនេះក្នុងគោលបំណងដើម្បីស្វែងយល់អំពីកម្មករនិងនិយោជិត អំពីការរកការងារឱ្យធ្វើ អំពីអ្វីជាភាពគ្មានការងារធ្វើ អំពីការងារដោយបង្ខំ អំពីគោលការណ៍ផ្សះផ្សាវិវាទការងារ អំពីអង្គការវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាពិសេសអំពីស្ថានភាពនៃវិស័យកាត់ដេរនៅកម្ពុជា។លើសពីនេះគឺសិក្សាស្វែងយល់នូវបទពិសោធន៍អំពីវឌ្ឍនភាពនៃវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ក្នុងការប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម តាមរយៈការពិគ្រោះយោបល់ និងពិភាក្សាការអនុវត្តច្បាប់ស្តីពីការងារដើម្បីធានាលក្ខខណ្ឌល្អប្រសើរ ជូនកម្មករ និងនិយោជិត។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចាត់ទុកការកាត់បន្ថយភាពក្រីក្រ និងវិសមភាពដែលត្រូវដោះស្រាយជាបន្ទាន់ ជាមួយនឹង ភាពមានការងារធ្វើ និងភាពគ្មានការងារធ្វើរបស់យុវជន និងធានាបាននូវនិរន្តរភាពធុរកិច្ច ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរ សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជាត្រង់គោលដៅទី១ និងគោលដៅទី៣ ដោយផ្អែកលើ មូលដ្ឋាននៃយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រនានា ព្រោះការផ្តល់ការងារឱ្យធ្វើ និងការធានាសុខមាលភាព និងសុខដុមនីយកម្មរវាងកម្មករ និយោជិត និងនិយោជក ដែលទាំងអស់នេះ ធានាបាននិរន្តរភាពសេដ្ឋកិច្ចសង្គម និងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕