សប្បុរសជនប្រគល់គ្រឿងឧបភោគបរិភោគដែលមានទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារដល់រដ្ឋបាលរាជធានីដើម្បីបន្តចែកជូន ជន រងគ្រោះដោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា ៖ដោយ​ លោក​ ហុក​ សុខរិន​ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០

MC៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលមានទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារត្រូវបានសប្បុរសជនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ ខណៈដែលជំនន់ទឹកភ្លៀងនេះបាននឹងកំពុងជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

  ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។   

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថាអំណោយដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញខាងលើនេះ រួមមាន៖ មី១៥០០កេស នំធុង៧២០ប្រអប់ដែលមានទឹកប្រាក់ស្មើនឹង១១៩៦៤ដុល្លារ ។

ក្នុងឱកាសនោះ ឯកឧត្តមឃួង ស្រេង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលតែងតែគិតគូរ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ខណៈដែលជំនន់ ទឹកភ្លៀង បាននិងកំពុងជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារហើយ  នៅក្នុងខណ្ឌដង្កោ ពោធិសែនជ័យនិងខណ្ឌកំបូល។

ឯកឧត្តមបានបញ្ជាក់ផងដែរថា រាល់អំណោយរបស់សប្បុរសជនដែលប្រគល់ជូនមកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះពិតប្រាកដ ដើម្បីជួយសម្រាល ទុក្ខលំបាករបស់បងប្អូន ៕