ពលរដ្ឋចុះឈ្មោះថ្មីជាង២៥ម៉ឺននាក់ ខណៈ គ.ជ.ប គ្រោងលុបឈ្មោះចេញពីបញ្ជីជាង១៤ម៉ឺននាក់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ១០ ២០២០

MC:  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា ពលរដ្ឋទៅចុះឈ្មោះថ្មីមានជាង២៥ម៉ឺននាក់ ដែលស្មើនឹងជាង៨៥ភាគរយ នៃប្រជាពលរដ្ឋដែលត្រូវប៉ាន់ស្មានដល់អាយុចុះឈ្មោះសរុបសម្រាប់ឆ្នាំ២០២០នេះ។ 

  ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានបញ្ជាក់ថា នេះជាចំនួនបឋមនៃប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះថ្មីនេះ គឺគិតចាប់ពីថ្ងៃដែល ឝ.ជ.ប ដាក់ឱ្យអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅតាមការិយាល័យឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលានេះ។

  ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការធ្វើបច្ចុប្បន្នភាពដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី១៩ ខែតុលានេះ ឯកឧត្តម បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជាង១៤ម៉ឺននាក់ ខណៈអ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានជាង៨ម៉ឺន៨ពាន់នាក់ និងអ្នកផ្ទេរចូលឃុំ-សង្កាត់ថ្មី មានជាង៨ម៉ឺន៣ពាន់នាក់។ 

ទោះជាបែបនេះក្តី  ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ អាចដាក់ពាក្យបណ្តឹងតវ៉ា មុនពេល គ.ជ.ប សម្រេច និងផ្តល់សុពលភាពលើបញ្ជីឆ្នោតជាផ្លូវការ នៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២០។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ដែលហៅកាត់ថា អង្គការនិចហ៊្វិក កត់សម្គាល់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ មានភាពរលូនច្រើន និងគ្មានបណ្តឹងតវ៉ាច្រើននោះទេ ខណៈចំនួនប្រជាពលរដ្ឋខ្មែរដែលទៅចុះឈ្មោះថ្មី និងសុំផ្ទេរចូលឃុំ-សង្កាត់ថ្មីមានចំនួនច្រើន។

សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ ផ្តោតទៅលើអ្នកទើបគ្រប់អាយុ១៨ឆ្នាំ និងអ្នកមិនទាន់ចុះឈ្មោះពីមុនមក ព្រមទាំងអ្នកផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី និងអ្នកទទួលមរណភាពនិងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន។

យោងតាមរបាយការណ៍បឋមរបស់គ.ជ.ប បានបង្ហាញថា ចំនួនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគិតត្រឹមឆ្នាំ២០២០នេះ មានជាង៨លាន៨សែន២ម៉ឺននាក់៕