ឯកអគ្គរដ្ឋទូតកូរ៉េ សន្យាជំរុញការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនឡើងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ១០ ២០២០

MC: ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបាន សន្យាជំរុញការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនឡើងបន្ថែមទៀត ខណៈការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង គិតត្រឹមដំណាច់ឆ្នាំ២០១៩កន្លងទៅ បានកើនដល់ជាង១ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត រំពឹងថា ទំហំការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងកើនឡើង បន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាផ្លូវការនាពេល ខាងមុខ។
ឯកឧត្តម បានឱ្យដឹងថា ទុនវិនិយោគកូរ៉េនៅកម្ពុជា ក្នុងពេលបច្ចុប្បន្នមានជាង៥ពាន់លានដុល្លារ ដែលនាំឱ្យកូរ៉េក្លាយជា ប្រទេសលំដាប់ទី២ក្នុងការវិនិយោគនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា ផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ និងរំពឹងថា ត្រូវបានបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់រឹងមាំបន្ថែមទៀត ប្រសិនបើមានដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា នាដើមខែវិច្ឆិកាខាងមុខនេះ។
សម្តេចពញាចក្រី ហេង សំរិន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង ដោយក្នុង នោះមានពលរដ្ឋកម្ពុជាប្រមាណ៤ម៉ឺននាក់កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ សម្តេចពញាចក្រី មានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍនៅប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរទៅធ្វើការងារ នៅកូរ៉េទៀត៕