មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បង្ហាញ​ពី​វិធី​ទប់ស្កាត់ និង​កម្ចាត់​កណ្តុរ​ស៊ី​ស្រូវ​

(​ត្បូងឃ្មុំ​)៖ ដោយសារ​ប៉ុន្មាន​សប្តាហ៍​មកនេះ ទឹកភ្លៀង បាន​បង្អុរ​ធ្លាក់​ជា​បន្តបន្ទាប់ លិច​វាលស្រែ​នៅ​តំបន់​ទំនាប ដែល​ខ្វះ​ទឹក​កន្លងមក ដែលជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​កណ្តុរ​បាន​បម្លាស់​ទី​ទៅ​ប្រមូលផ្តុំ​តំបន់​ទួល​។

​ស្រប​នឹង​ពេលនេះ ស្រូវ​ផ្ការំដួល ចូលដល់​ដំណាក់កាល​ផើម​និង​ចេញ​កួរ ចេញ​ផ្កា ហើយ​មួយចំនួន​ចូលដល់​ដំណាក់កាល​ដាក់​ទឹកដោះ បាន​ក្លាយជា​ប្រភព​ទាក់ទាញ​សត្វ​កណ្តុរ ដែល​ស្វែងរក​ចំណី​។ ជាក់ស្តែង​នៅ​ភូមិសាស្ត្រ​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ស្រូវពូជ​ផ្ការំដួល ប្រមាណ 80​ហិកតា ត្រូវ​កណ្តុរ​កាត់​ស៊ី​ខូចខាត​ទាំងស្រុង បន្ទាប់ពី​ស្តារឡើងវិញ​។​

​ហេតុនេះ ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ស្រូវ​ពី​សត្វ​កណ្តុរ​បន្តទៀត មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ក​សិ​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ បាន​ចុះ​សំណេះសំណាល​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ ដោយ​ធ្វើ​ការណែនាំ និង​បង្ហាញ​ដល់​បងប្អូន​ប្រជាកសិករ ត្រូវ​ចុះ​ពិនិត្យ​ស្រែ​ឲ្យ​បានជា​ប្រចាំ តាមដាន ពិនិត្យ​វត្តមាន​សត្វ​កណ្តុរ​និង​យកចិត្តទុកដាក់​ខ្ពស់​ចូលរួម​ទប់ស្កាត់​និង​កម្ចាត់​សត្វ​កណ្តុរ តាម​វិធីសាស្ត្រ​មួយចំនួន​ដូចតទៅ ៖

1-​ដាក់​បំពង់​ឬ​ស្សី ឬ ទុយោ នៅក្បែរ​ភ្លឺស្រែ ឬ​ដាក់​សម្រាស់​ជា​គំនរៗ ជា​ជម្រក​សត្វ​កណ្តុរ ដើម្បី​ចាប់​កណ្តុរ​
2-​ដាក់​នុយ​បំពុល ដោយ​ផ្លាស់ប្តូរ​ប្រភេទ​នុយ​ជាប្រចាំ​
3-​ប្រើ​អង្គប់​ចាប់​កណ្តុរ
4-​ថែរក្សា​សត្វ​ប្រេ​ដា​ទ័​រ ដូចជា ពស់ថ្លាន់ ទីទុយ ខ្លែងស្រាក​។​ល​។​
5-​ត្រូវ​បំផ្លាញ​ជម្រក និង​កម្ចាត់​កណ្តុរ ជា​សហគមន៍​(​កសិករ​ទាំងអស់ ចូលរួម​កម្ចាត់​ព្រម​គ្នា ក្នុងពេល​តែមួយ​)៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​