ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោបានទទួលអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

វិទ្យុជាតិកម្ពុជា ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០
នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច
៩អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។
ពិធីនេះបានប្រព្រឹត្តទៅនៅជាប់ក្លោងទ្វារវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោចំនួន៤,៩៦៥ខ្នងបាន ជន់លិច និងប្រជាពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង៣អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា
ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាសប្បុរសជនទាំងឡាយដែលបានចូលរួមសប្បុរសធម៌ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាកន្លងមក ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។

នៅក្នុងឱកាសនោះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យជាពិសេសពេលដែលទឹកស្រកទៅនោះ។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយ
មនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេស, ត្រីខ១យួ (១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ ទន្ទឹមនឹងនេះដែរ
សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក៍បានទទួលអំណោយចំនួន១០០លានរៀលផងដែរ៕