ខណៈដែរទទួលរងគ្រោះទឹកជំនន់ពីប្រទេសថៃ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់

APP ភ្នំពេញ​ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០–

(បន្ទាយមានជ័យ)៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ ចុះ​ថ្ងៃទី ១៦ ខែតុលា​ឆ្នាំ ២០២០ បានឲ្យដឹង ថា​តាម​ការ​វិវត្ត​នៃ​ស្ថានភាព​អាកាសធាតុ​មកដល់ពេលនេះ​ ក្រសួងរកឃើញថាប្រព័ន្ធ​សម្ពាធ​ទាប​ ដែល​អូស​បន្លាយ​លើ​កម្ពុជា ​កាន់តែ​បង្កើន​ឥទ្ធិពល​ជាលំដាប់​។

ចំណែក​វិសម្ពាធ​ ដែល​បាន​កើត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​​នឹង​ក្លាយទៅជា​ព្យុះ​ទី១៧ កាលពី​ថ្ងៃទី ១៥ ខែតុលា​ឆ្នាំ ២០២០ នោះ​ពេលនេះ​វា​ស្ថិតនៅ​ត្រឹម​កម្រិត​ជា​វិសម្ពាធ​ទាប​ ដដែល​ដោយ​មាន​ល្បឿន​ខ្យល់​ជា​អតិបរមា ១៥ម៉ែត្រ​ក្នុង​មួយ​វិនាទី​ ដែល​ទាប​ជាង​ល្បឿន​របស់​ព្យុះ (Tropical Strom​) តែ ២ម៉ែត្រ​ក្នុង​មួយ​វិនាទី​តែប៉ុណ្ណោះ​។

វិសម្ពាធ​នេះ​នឹង​ធ្វើដំណើរ​ឆ្ពោះ​ចូល​មក​លើ​ភាគ​ក​ណ្តា​ល​ប្រទេស​វៀតណាម​ថ្ងៃទី ១៧ ខែតុលា​ឆ្នាំ ២០២០។ លក្ខណៈ​បែបនេះ​នឹងធ្វើឲ្យ អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២១ ខែតុលា​ឆ្នាំ ២០២០ ជាពិសេស​តាម​ប​ណ្តា​ក្រុង​ស្រុក​ទូទាំង​ខេត្តបន្ទាយមានជ័យ​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត ​ស្រប​ពេល​ជាមួយ​ទឹកជំនន់​ពី​ប្រទេស​ថៃ​ផង​ដែរ​។

តាមការព្យាករណ៍ខាងលើ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ បានអំពាវ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ខេត្ត ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ត្រូវ​ត្រៀម​បង្ការ​រក្សា​អនាម័យ​ កុំ​ចុះ​លេង​ទឹក​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ និង​ត្រូវ​តាមដាន​ព័ត៌មាន​ស្តី​ពី​ទឹកជំនន់ ឲ្យបាន​ជាប្រចាំ​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត បានស្នើដល់អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​អប់រំ​ផ្សព្វផ្សាយ​ ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​ទាំងអស់​កុំឲ្យលេង​ទឹក​ជា​លក្ខណៈ​កំសាន្ត ​ឬ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់ ​ដែល​លិចលង់​ខ្លាំង​។

ជាមួយគ្នានោះរដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ លើ​បាតុភូត​ធម្មជាតិ​នេះ ​ពី​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ហើយ នឹង​ជម្រាប​ជូន​ព័ត៌មាន​ជាបន្តបន្ទាប់​ទៀត​ក្នុង​ករ​ណ៍​អាកាសធាតុ​មាន​ការប្រែប្រួល​៕ ដោយ៖ កន ចំណាន