សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ជូនដល់តំណាងរាស្រ្ត ដើម្បីយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

 

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០កេស និងត្រីខចំនួន ១០០កេស ដល់​តំណាងរាស្រ្ត​ ដើម្បីយកចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ត​ប៉ៃលិន ជាដើម។ ក្នុងពិធីប្រគល់នេះ បានធ្វើឡើងនៅគេហដ្ឋានរបស់សម្ដេច នារាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដែល​អំណោយទំាងអស់នេះគឺជាការចូលរួមចំណែ​ករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋពី​សំណាក់​ ​សម្តេចប្រធានរដ្ឋសភា​ និងសម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេងសំរិន ព្រមទំាងទទួលបាន​ពី​សប្បុរសជនផ្សេងៗទៀត។ នេះបើយោងតាម​រដ្ឋ​សភា​កម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូន​ប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាពិសេសស​ម្តេច​បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុ​ជីវិត​ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។ សម្តេចប្រធានរដ្ឋសភា បានអរគុណ និងកោត​សរសើរ​ដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយកង​កម្លាំង​ប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជា​ពលរដ្ឋបានទាន់ពេលវេលា។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចពញាចក្រីក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយ​សង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។ សម្តេចប្រធានបានគូស​បញ្ជាក់ថា “កាយវិការដ៏ប្រពៃទំាងនោះបានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួប​រួម​គ្នា​របស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែជួយគ្នា​ទៅវិញទៅមកនៅគ្រប់​កាលៈ​​ទេសៈ ជាពិសេសក្នុងពេលយើងជួបគ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម”។

សូមជម្រាបជូនផងដែរថា​ ចាប់ពីពេលដែលខេត្តក្រុងមួយចំនូនរបស់កម្ពុជា ទទួលរង​គ្រោះដោយជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃមកនេះ សមាជិកសមាជិការដ្ឋសភា បានចុះជួយ​អន្តរាគមន៍សង្រ្គោះពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទៅទីទួលសុវត្ថិភាព ព្រមទំាងធ្វើ​សកម្មភាពមនុស្សធម៌ ចែកនូវអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋ នៅតាមមណ្ឌលខេត្ត​ក្រុងដែលជួបគ្រោះធម្មជាតិនេះ បន្តបន្ទាប់ផងដែរ។ បើតាមការព្យាករណ៍របស់ក្រសួងធន​ធានទឹក និងឧតុនិយមបានឱ្យដឹងថា  នៅប៉ុន្មានថ្ងៃខាងមុខនេះរហូតដល់ថ្ងៃទី២១ ខែតុលា​ ប្រទេសកម្ពុជា អាចប្រឈមនឹងព្យុះនំាមកនូវទឹកភ្លៀង ដែលនឹងបន្តឱ្យមានការជន់​លិច​បន្ថែមទៀតនៅតាមតំបន់ផ្សេងៗទៀតនោះ។

សម្តេចប្រធានរដ្ឋសភាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន យកចិត្ត​ទុកដាក់ខ្ពស់ថែមទៀត ជាពិសេសត្រូវថែទាំ និងយកចិត្តទុកដាក់លើកុមារ និងក្មេងតូចៗ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីការបាត់បង់អាយុជីវិត។ សម្តេចប្រធានរដ្ឋសភា​ បានលើកទឹកចិត្តដល់តំណាងរាស្រ្តទាំងអស់បន្ដយកចិត្តទុកដាក់ តាមដាន ដំណើរវិវត្តន៍​នៃចរន្ដទឹក សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណារំដោះ​ប្រជាពលរដ្ឋ​ចេញពីតំបន់ដែលរងគ្រោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកទឹកចិត្តផងដែរ ដល់​កងកម្លាំងមានសមត្ថកិច្ចទាំងអស់​ ទាំងទាហាន​ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន​ ត្រូវបន្តយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ ចំណែកក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន និងពិនិត្យ​ព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឱ្យបានល្អ៕ ដោយ រិទ្ធី

សម្រួលផ្សាយ៖ កន ចំណាន