ប្រជាពលរដ្ឋ​ចំនួន ២៤​នាក់ ហើយ​បាន​រងគ្រោះ​ដល់​អាយុជីវិត ដោយសារ​ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​

AKP ភ្នំពេញ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ –​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ២៤​នាក់​ហើយ (​ក្មេង​៨​នាក់​) ដែល​បាន​ស្លាប់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​បាន និង​កំពុង​វាយប្រហារ​រាជធានី​-​ខេត្ត ចំនួន​១៩ ។ នេះ​បើ​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ទទួលបាន​នៅថ្ងៃនេះ​។​

​របាយការណ៍ បញ្ជាក់​ពី​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ ដូចជា​ផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។​ល​។ នៅក្នុង​ខេត្ត​ដែល​រងគ្រោះ​ខ្លាំងជាងគេ ខណៈ​ជំនន់​ទឹកភ្លៀង​នេះ បាន​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ៦១ ៣៥៧ គ្រួសារ ស្មើនឹង ២៤៥ ៤២៨ នាក់ ហើយ​ជំនន់​នេះ​បាន​ជន់​លិច​ស្រូវ ប្រមាណ ១៦៩ ០៨១ ហិកតា និង​ខូចខាត​ទាំងស្រុង​ប្រមាណ​៣២ ៣៨២ ហិកតា រួម​នឹង​ដំណាំ​រួមផ្សំ​ជាច្រើន​ហិកតា​ទៀតផង​ដែរ​។​

​គួររម្លឹកថា ជំនន់​ទឹកភ្លៀង​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ បាន​ប៉ះពាល់​ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត ជាពិសេស​ខេត្ត​ភាគ​ពាយ័ព្យ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ប៉ុន្តែ​បើតាម​របាយការណ៍​ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ទទួលបាន ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ដែល​ពីមុន​បាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ បានចាប់ផ្តើម​ធូរស្រាល​បន្តិច​វិញ​ហើយ ខណៈ​ខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ កណ្តាល និង​ខេត្តស្វាយរៀង (​ព្រោះតែ​ទឹកទន្លេ​វ៉ៃ​គោ​បាន​កើនឡើង​លើស​កម្រិត​ប្រកាសអាសន្ន​) រួមទាំង​ផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​រងគ្រោះ​ធ្ងន់ធ្ងរ​វិញ​៕ ដោយ​៖ ផែន រតនៈ​