ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំ «ពិព័រណ៍សត្វកម្ពុជា» លើកទី២ នៅបរិវេណសួនច្បារមាត់ស្ទឹងខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០
MC.ដើម្បីអភិរក្ស និងបង្ហាញពីសក្តានុពលនៃសត្វស្លាបនៅកម្ពុជា ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាបបាន រៀបចំពិព័រណ៍សត្វកម្ពុជាលើកទី២ ក្រោមប្រធានបទ«ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់១៨ ខែតុលា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយដល់យុវជន ឲ្យយល់ដឹងពីសារៈសំខាន់របស់សត្វនៅកម្ពុជា។
ថ្លែងក្នុងពិធី«ពិព័រណ៍សត្វកម្ពុជា» លើកទី២ ក្រោមប្រធានបទ«ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ» ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានបានឲ្យដឹងថា ការរៀបចំពិព័រណ៍សត្វកម្ពុជា ក្នុងខេត្តសៀមរាបនាពេលនេះ ដើម្បីផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ បានស្គាល់ពីប្រភេទសត្វកម្រៗ ជាច្រើនប្រភេទ ដែលបណ្តាប្រទេសផ្សេងៗមិនមានដូចកម្ពុជា និងដើម្បីបំផុសគំនិតដល់ប្អូនៗឱ្យចេះ ស្រឡាញ់ ថែរក្សា និងការពារព្រៃឈើ ដែលជាជម្រកសត្វគ្រប់ប្រភេទ។
សំឡេង៖ក្មេងៗជាទំពាំងស្នងឬស្សីបានស្គាល់អំពីសត្វ ព្រោះថាសត្វបក្សីនៅស្រុកយើងគឺល្អ ហើយកម្រ បក្សីខ្លះនៅ ប្រទេសគេអត់មានទេ មានតែនៅស្រុកយើង នេះជាមោទនភាពនៅប្រទេសយើង ដែលមានបក្សីកម្រៗ ដូចជា ទាស្លាបស សុទ្ធតែជារបស់អត់ងាយមានទេ អ៊ីចឹងហើយបានយើងចង់បង្ហាញឱ្យគាត់បានឃើញអំពីសត្វបក្សីៗ ដូចជាត្រកៀលទ្រូងលឿង ក្ងោកពណ៌ប្រាក់ សុទ្ធតែជាសត្វដែលមានតែនៅកម្ពុជាយើង អ៊ីចឹងកាលណាយើងផ្សព្វផ្សាយឱ្យបានល្អប្អូនៗយល់ដឹង ហើយគាត់ស្រឡាញ់។

លោក ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាបបានថ្លែងគាំទ្រ ចំពោះការផ្សព្វផ្សាយពិព័រណ៍សត្វកម្ពុជានៅក្នុងខេត្តសៀមរាប ថា សកម្មភាពទាំងនេះ ជាការរួមចំណែកកាត់បន្ថយការបរបាញ់ឬសម្លាប់សត្វគ្រប់ប្រភេទ យកមកបរិភោគ និងត្រូវផ្តល់សេចក្តីស្រឡាញ់ចំពោះសត្វ ដើម្បីជាផលប្រយោជន៍ដល់វិស័យទេសចរណ។លោកបន្តថា បន្ថែមពីនេះស្ថាប័នពាក់ព័ន្ធត្រូវខិតខំកៀរគរថវិកាពីអង្គការដៃគូនានា ដើម្បីមកអភិរក្សសត្វនៅក្នុងប្រទេសកម្ពុជា។
សំឡេង៖ធ្វើម៉េចជួយបន្តកៀរគរថវិកាពីអង្គការដៃគូជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាការពារសត្វស្លាប ក៏ដូចជាសត្វផ្សេងៗ ឱ្យបានគង់វង្ស ដើម្បីរក្សាដល់ក្មេងៗជំនាន់ក្រោយ អ៊ីចឹងសូមថាបញ្ជូនសារនេះដល់បងប្អូន ក្នុងខេត្តសៀមរាប និងខេត្តដទៃទៀត ដែលមានចិត្តស្រឡាញ់ និងការពារអភិរក្សសត្វស្លាបរបស់យើងនិងសត្វដទៃទៀត សូមថាជួយការពារ កុំថាឱ្យតែឃើញ យកមកហូប ចៀសវាងការហូប។
សូមជម្រាបផងដែរថា ក្រសួងបរិស្ថានបានរៀបចំតាំងបង្ហាញរូបភាពសត្វស្លាបដ៏កម្រចំនួន២១ប្រភេទ ជាសាធារណៈ ព្រមជាមួយការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីអ្នកជំនាញសត្វស្លាបផងដែរ។ នេះជាលើកទី២ហើយ ដែលក្រសួងបរិស្ថានបានរៀបចំពិព័រណ៍សត្វស្លាបកម្ពុជា ខណៈដែលលើកទី១បានរៀបចំឡើងកាលពីខែមីនា ឆ្នាំ ២០១៨នៅបរិវេណនៃតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ៕​