សម្តេចតេជោ ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ទាន់ពេលវេលា

APP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នា២០២០–

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរ ចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាជាបន្តបន្ទាប់។

ជាមួយគ្នានោះ សម្តេចក៏បានអរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានចេញយុទ្ធនាការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ នឹងអរគុណវិស័យឯកជនដែលបានចូលរួមផ្ដល់ជូនជាទឹក សម្ភារៈប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា» ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួន កំពុងរងគ្រោះដោយគ្រោះទឹកជំនន់ ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយ ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ»។

សម្តេចតេជោ ហ៊ុន សែន បានរំលិចនូវពាក្រស្លោកមួយថា »ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

គួរបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង ១១ និង៥៧នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ថវិកាសប្បុរសជន ដែលជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង បានកើនដល់ ៦,៨១៣,០៤៩ ដុល្លារ, ប្រាក់រៀល ៤៣៤,៤០០,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)៕ ដោយ៖ កន ចំណាន