រដ្ឋបាលខេត្តប៉ៃលិនទទួលអំណោយសម្ភារការពារជំងឺកូវីដ-១៩ ពីអង្គការUNICEFសម្រាប់ ផ្ដល់ជូនគ្រឹះស្ថានសិក្សាសាធារណៈ

វិទ្យុជាតិកម្ពុុជា៖
ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាអូតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលអំណោយសម្ភារការពារជំងឺកូវីដ-១៩ពីអង្គការ UNICEF សម្រាប់ផ្ដល់ជូនគ្រឹះស្ថានសិក្សាសាធារណៈចំនួន៩២ទូទាំងខេត្ត ។
ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងអំណរគុណដល់អង្គការ UNICEF ប្រចាំកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងជាពិសេសជាមួយរដ្ឋបាលខេត្ត លើការងារលើកកម្ពស់វិស័យអប់រំ ក្នុងឱកាស នៃការបើកដំណើរការសាលារៀន ឡើងវិញនេះ ។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានជំរុញដល់មន្ទីរអប់រំខេត្ត គណៈគ្រប់គ្រងសាលារៀន និងដៃគូអភិវឌ្ឍន៍ឱ្យបន្តចូលរួម និងបន្តការយកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្ស ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ សំដៅធានាថា សាលារៀនជាកន្លែងមានសុវត្ថិភាពសម្រាប់ការសិក្សារបស់សិស្ស ចៀសឱ្យឆ្ងាយពីជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា៖អំណោយសម្ភារការពារជំងឺកូវីដ-១៩ ដែលអង្គការ UNICEF បានផ្តល់ជួននេះ រួមមាន៖ សាប៊ូដុំសម្រាប់លាងដៃ(ទម្ងន់៧៥ក្រាមក្នុង១ដុំ) ចំនួន២,៩១៥ដុំ ចំនួនបរិក្ខារលាងសម្អាតដៃបណ្តោះអាសន្នចំនួន២៤, ធុងលាងសម្អាតដៃបណ្តោះអាសន្ន ចំណុះ20 លីត្រចំនួន៩៧ ធុង ,ធុងលាងសម្អាតដៃបណ្តោះអាសន្នចំណុះ14 លីត្រ ចំនួន១៩៥ធុង,ធុងប្លាស្ទិចជាមួយគម្របនិងដៃចំណុះ២០លីត្រសម្រាប់លាយក្លរីន និងត្រងទឹកកខ្វក់ចំនួន៣៩៧ធុង, កញ្ចប់សាប៊ូម្សៅចំនួន១៦២កញ្ចប់, ដបសូដ្យូមហ៊ីប៉ូក្លរីត៦% ចំណុះ៦០០មីលីលីត្រចំនួន១២៧១ដប, កំណាត់ជូតកម្រាលឥដ្ឋមានដងចំនួន៨១ កំណាត់,ធុងជូតកម្រាលឥដ្ឋមានកង់វិលនិងដៃរុញចំនួន៨១ ធុង,អៀមប្លាស្ទិច ចំនួន១៦២ អៀម, វ៉ែនតាសម្រាប់ពាក់ពេលលាយក្លរីននិងពេលប្រើប្រាស់ចំនួន៨១ វ៉ែនតា, ស្រោមដៃកៅស៊ូដែលអាច ប្រើប្រាស់ឡើងវិញបាន សម្រាប់បុគ្គលិកសម្អាតចំនួន៨១,ស្បែកជើងកវែងចំនួន ៨១ , ខិត្តប័ណ្ណណែនាំស្តីអំពីការលាយក្លរីន និងការប្រើប្រាស់ចំនួន៨១, កញ្ចប់កំណាត់ជូតសម្អាតបែងចែកតាមពណ៌ ចំនួន៨១កញ្ចប់ និងក្បាលរ៉ូប៊ីណេសម្រាប់បន្លាស់ ចំនួន៨១៕ អត្ថបទ លោក គួន ធិ