លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ទន្ទឹមនឹងការប្រុងប្រយ័ត្នសុខភាពក្នុងគ្រោះទឹកជំនន់ សូមបន្តវិធានការការពារខ្លួនពីកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ —

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ទន្ទឹមនឹងគ្រោះទឹកជំនន់កំពុងវាយប្រហារ និងប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនប្រុងប្រយ័ត្នពីផលប៉ះពាល់សុខភាពក្នុងកំឡុងពេលមានទឹកជំនន់នេះ និងត្រូវបន្តអនុវត្តវិធានការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ផងដែរ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមជម្រាបជូនថា យើងកំពុងជួបវិបត្តិ២ ក្នុងពេលតែមួយ ហេតុដូច្នេះហើយ ទន្ទឹមនឹងការប្រុងប្រយ័ត្នពីផលប៉ះពាល់សុខភាពក្នុងអំឡុងពេលមានទឹកជំនន់នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តវិធានការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ រួមជាមួយនឹងវិធានការការពារជំងឺឆ្លងផ្សេងៗទៀត ក្នុងពេលទឹកជំនន់ ដែលត្រូវបានណែនាំដោយក្រសួងសុខាភិបាល ដូចជា រក្សាអនាម័យដៃ និងខ្លួនប្រាណ ឧស្សាហ៍លាងសម្អាត និងមុជទឹក ដុសសាប៊ូ សម្អាតខ្លួនប្រាណ និង ត្រូវប្រុងប្រយ័ត្ន មិនត្រូវនៅជិតអ្នកដែលផ្តាសាយ ក្អកកណ្តាស ហើយបុគ្គលដែលមានអាការ:បែបនេះ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងទៅអ្នកដទៃ ដោយខ្ទប់មាត់នឹងកន្សែង ឬក្រម៉ា ឬប្រើម៉ាស់ ហើយសម្អាតដៃភ្លាមៗក្រោយពីក្អកកណ្តាស់មុននឹងយកដៃទៅប៉ះពាល់ផ្ទៃមុខ ឬប៉ះពាល់កូនចៅ ដែលអាចឆ្លងបន្តគ្នាជាដើម”។

លោកជំទាវ បានណែនាំបន្ថែមថា ក្នុងមានបញ្ហាសុខភាព ឬមានអាការ:សង្ស័យ សូមស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យចល័ត ឬក្រុមគ្រូពេទ្យនៅតាមទីទួលសុវត្ថិភាព ឬទៅពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ចៀសផុតនូវជំងឺដង្កាត់ផ្សេងៗ និងបានរួចចាកផុតពីគ្រោះទឹកជំនន់ក្នុងពេលឆាប់ៗនេះផងដែរ។

គួររម្លឹកផងដែរថា ថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសពីការជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ថ្មី ដែលធ្វើឱ្យករណីកំពុងសម្រាកព្យាបាលនៅសល់តែ ០៣នាក់ប៉ុណ្ណោះ។

ដោយឡែកពាក់ព័ន្ធនឹងគ្រោះទឹកជំនន់វិញ យោងតាមតួលេខរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃម្សិលមិញ មានការប៉ះពាល់ដល់ ១៩ រាជធានី-ខេត្ត ហើយ ក្នុងនោះមានគ្រួសាររងផលប៉ះពាល់សរុបចំនួន ៥៣ ១៦៩ គ្រួសារ ស្មើនឹង ២១២ ៦៧៦ នាក់ ហើយអ្នកដែលត្រូវជម្លៀសចេញពីផ្ទះសម្បែងនោះ គឺមានដល់ ៦ ២៩៨ គ្រួសារ ស្មើនឹង ២៥ ១៩២ នាក់ និងបានបំផ្លាញ និងជន់លិច ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនផងដែរ៕

ដោយ ផែន រតនៈ
សម្រួលផ្សាយដោយ៖ កន ចំណាន