ក្រសួងអប់រំចេញវិធានការទប់ស្កាត់ និងការការពារផលប៉ះពាល់ ពីគ្រោះទឹកជំនន់ នៅតាមគ្រឹះស្ថានសិក្សា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញវិធានការទប់ស្កាត់ និងការការពារផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅតាមគ្រឹះស្ថានសិក្សា ដើម្បីចៀសផុតពីការលិចលង់ខូចខាត និងប៉ះពាល់អាយុជីវិតបុគ្គលិកសិក្សា និងសិស្សានុសិស្ស ជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា បច្ចុប្បន្ននេះជំនន់ទឹកភ្លៀង កំពុងកើតមាន នៅតាមបណ្ដា រាជធានី-ខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានសិក្សា ដូចជា អគារសិក្សា សម្ភារសិក្សា និងសម្ភារបរិក្ខារជាដើម។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ដើម្បីទប់ស្កាត់ ការពារ និងកាត់បន្ថយ ផលប៉ះពាល់ដោយសារទឹកជំនន់នេះ ចំពោះគ្រឹះស្ថានសិក្សាដែលកំពុងរងផលប៉ះពាល់ពីទឹកជំនន់ ត្រូវតាមដានព័ត៌មាន ពីស្ថានភាពអាកាសធាតុ និងទឹកជំនន់ជាប្រចាំ ហាមសិស្សានុសិស្សកុំឱ្យលេងទឹកនៅតំបន់ដែលមានទឹកជំនន់ ឬទឹកហូរខ្លាំង-ក្នុងករណីចាំបាច់ត្រូវជម្លៀសសិស្សានុសិស្សទៅទីទួលសុវត្ថិភាព។ ក្នុងនោះគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមសម្របសម្រួលដល់ការធ្វើដំណើររបស់សិស្សពេលត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ក្នុងករណីចាំបាច់ ចៀសវាងការធ្វើដំណើរតាមមធ្យោបាយទឹក និងក្នុងពេលទឹកកំពុងហូរខ្លាំង ករណីចាំចាច់ត្រូវ ប្រើប្រាស់អាវពោង ឬប៊ីដុង។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ទៀតថា សម្រាប់គ្រឹះស្ថានសិក្សាដែលមិនទាន់រងផលប៉ះពាល់ពីទឹកជំនន់ ត្រូវតាមដានព័ត៌មាន ពីស្ថានភាពអាកាសធាតុ និងទឹកជំនន់ជាប្រចាំ ក្នុងនោះគ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់ងាយរងគ្រោះ ត្រូវត្រៀមលក្ខណៈ ទុកជាមុន ដូចជាការទុកដាក់សម្ភារឯកសារ (ជាពិសេស សៀវភៅក្នុងបណ្ណាល័យ) គ្រឿងបរិក្ខារអេឡិចត្រូនិក និងគ្រឿងអគ្គិសនី។ល។ និងត្រូវរកទីកន្លែងសុវត្ថិភាពដើម្បីរក្សាទុកឱ្យចៀសផុតពីការលិចលង់ខូចខាត និងប៉ះពាល់ដល់អាយុជីវិតបុគ្គលិកសិក្សា និងសិស្សានុសិស្ស។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់គណៈគ្រប់គ្រងសាលា ក្រោយពេលទឹកជំនន់ស្រកទៅវិញ ត្រូវរួមគ្នាសម្អាតបរិស្ថាន សាលារៀន អគារសិក្សាបន្ទប់រៀន ហើយត្រូវរៀបចំរបាយការណ៍អំពីផលប៉ះពាល់ ការខូចខាតសម្ភារសិក្សា សៀវភៅសិក្សាគោល ឬសម្ភារបរិក្ខារ ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យក្រសួងងាយស្រួលក្នុងការធ្វើអន្តរាគមន៍។

ឯកឧត្តមក៏បានលើកទឹកចិត្តគ្រូបង្រៀនឱ្យបន្តការបង្រៀនតាមគ្រប់រូបភាព ដូចជា ការសិក្សាពីចម្ងាយ ការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានានិរន្តរភាពនៃការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់៕