ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរម្នាក់ ឱ្យវិលត្រលប់មកកម្ពុជាវិញ

វិទ្យុ ជាតិ កម្ពុជា ៖ លោក អាត ចន្ធូ


ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរម្នាក់ ឱ្យវិលត្រលប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។
ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី ១៥ ខែតុលា ថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរម្នាក់ ឈ្មោះ សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រលប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅ ចុះសម្រុងជាមួយប្តីបាន។ ស្ថានអគ្គកុងស៊ុលបានចេញលិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលីសចិនក៏បានយល់ព្រម និងប្រគល់ទិដ្ឋាការជូន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
ប្រភពដដែលបន្ថែមថា បច្ចុប្បន្ន នាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្រ្តីខ្មែរនៅជិតប៉ុស្តិ៍ប៉ូលីសខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។ តាមសំណើរបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅភ្នំពេញ បានយល់ព្រមជួយចេញសំបុត្រយន្តហោះដល់នាង។ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ- ១៩ ដែលសរុបជាទឹកប្រាក់៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ។
សូមជម្រាបថា តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ ត្រូវទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីអាជ្ញាធរចិន នៅថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០។ ក្រោយបានទិដ្ឋាការ នាងនឹងជិះរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ននៅស្ថានអគ្គកុងស៊ុលកម្ពុជានៅសៀងហៃ រង់ចាំធ្វើដំណើរតាមយន្តហោះ មកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០៕​