ក្រសួងអភិវឌ្ឍន៍ជនបទជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការលើកកម្ពស់អនាម័យឱ្យបានទូលំទូលាយនៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា
MC៖ ក្រសួង អភិវឌ្ឍន៍ ជនបទបន្តជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការលើកកម្ពស់អនាម័យឱ្យបានទូលំទូលាយ ដើម្បីសម្រេច បានអត្រាគ្របដណ្ដប់ទឹកស្អាតនិងអនាម័យ១០០ភាគរយទូទាំងប្រទេសនៅឆ្នាំ២០២៥។
ឯកឧត្ដម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានស្នើរឱ្យគ្រប់ស្ថាប័ន អង្គភាព ខេត្ដ ខណ្ឌ ស្រុក ឃុំ សង្កាត់ ភូមិ និង គ្រួសារនីមួយៗបន្ដអនុវត្តផែនការលើកកម្ពស់ទឹកស្អាត និងអនាម័យ ដើម្បីឈានទៅសម្រេចទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាលដែលកំណត់ថា នៅឆ្នាំ២០២៥ប្រជាពលរដ្ឋគ្រប់រូប និងសហគមន៍ជនបទត្រូវមានទឹកស្អាត អនាម័យប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយនិរន្ដរភាព។
ឯកឧត្ដម បានបញ្ជាក់ថា ការបង្កើនអនាម័យនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំប្រតិបត្ដិ និងអនុវត្ដតាមតួនាទីរៀងៗខ្លួន ដូចជា ទី១ គឺសាងសង់និងប្រើប្រាស់បង្គន់អនាម័យ ទី២លាងសម្អាតដៃនឹងសាប៊ូ និងទី៣ ការបរិភោគទឹកមានសុវត្ថិភាព ដើម្បីធានាការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ភាពសម្បូររុងរឿងរបស់ប្រជាពលរដ្ឋគ្រប់រូប។
លោកបញ្ជាក់ថា « យើងទាំងអស់គ្នារួមគ្នា គឺដើម្បីសុខភាពយើងទាំងអស់គ្នា និងរៀបចំអនាគតអ្នកជំនាន់ក្រោយ ដើម្បីជាការទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងវិស័យទឹកស្អាត ការសម្អាត និងអនាម័យជនបទនៅក្នុងប្រទេសកម្ពុជា»។
លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរខេត្ដកំពង់ឆ្នាំង បានប្ដេជ្ញាចិត្ដក្នុងការចូលរួម លើកកម្ពស់អនាម័យ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅក្នុងស្រុកឱ្យទទួលបានតាមផែនការរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ទៀតថា « ការប្ដេជ្ញារបស់ស្រុក គឺថាឆ្នាំ២០២១ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល គឺត្រូវតែមានបង្គន់អនាម័យ ហើយប្រមូលប្រជាពលរដ្ឋដែលបត់ជើងពាសវាលពាសកាលនេះ មកណែនាំ និងអប់រំឱ្យបានយល់ដឹងអំពីបញ្ហាប្រឈម និងផលប៉ះពាល់ផ្សេងៗដែលរស់នៅមិនមានអនាម័យ»។
លោក អភិបាលស្រុក បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅស្រុករលាប្អៀរ មានការផ្លាស់ប្ដូរឥរិយាបថច្រើន ក្នុងការរក្សាអនាម័យ និងមិនបន្ទោបង់ពាសវាលពាសកាលដូចមុនទៀតឡើយ។
សូមបញ្ជាក់ថា អត្រាប្រជាពលរដ្ឋកម្ពុជាមិនទាន់បានប្រើប្រាស់ទឹកស្អាតមានប្រមាណ៤០ភាគរយ ៕