ក្នុងរយៈពេល៤ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាដាំដើមត្នោតបានប្រមាណ៦.០០០ដើមក្នុងបរិវេណឧទ្យានអង្គរ

វិទ្យុជាតិកម្ពុជា ៖លោកអេង យូ


សៀមរាប៖ ក្នុងរយៈពេល៤ឆ្នាំមកនេះអាជ្ញាធរជាតិអប្សរាបានដាំដើមត្នោតប្រមាណ៦.០០០ដើមក្នុងបរិវេណឧទ្យានអង្គរ ដើម្បីរួមចំណែកថែរក្សាកេរដំណែលអត្តសញ្ញាណជាតិមួយនេះឲ្យបានគង់វង្ស សម្រាប់បង្ហាញដល់ភ្ញៀវទេសចរ និងមនុស្សជំនាន់ក្រោយ។
ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជាចក្ខុវិស័យវែងឆ្ងាយរបស់អាជ្ញាធរជាតិអប្សរា បានគិតគូរយ៉ាងហ្មត់ចត់អំពីការដាំដើមឈើណា ដែលអាច ផ្តល់សារៈប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ ជាក់ស្តែងដើមត្នោតអាចយកទៅកែច្នៃសំរាប់ធ្វើជាសម្ភារប្រើប្រាស់ ផ្សេងៗជាច្រើនយ៉ាង និងថែមទាំងអាចយកទៅធ្វើជាអាហារ និងបង្អែមបានទៀតផង។ឯកឧត្តមបន្តថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានបណ្តុះកូនត្នោត និងបានដាំដុះនៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង៦.០០០ដើមមកហើយ ដើម្បីថែរក្សាអត្តសញ្ញាណជាតិមួយនេះឱ្យបានគង់វង្ស។
ឯកឧត្តមបន្តថា អាជ្ញាធរជាតិអប្សរាគ្រោងនឹងធ្វើការដាំដើមត្នោតបន្ថែមទៀតជារៀងរាល់ឆ្នាំ ព្រមទំាងបណ្តុះកូនត្នោត ដើម្បីចែកជូនបន្តទៅកាន់ប្រជាពរដ្ឋដែលមានបំណងដាំ ដើម្បីជួយពង្រីក បរិមាណដើមត្នោតនៅឧទ្យានអង្គរឱ្យបានកាន់ តែច្រើន។
ឯកឧត្តម​ បញ្ជាក់​ថា​ ត្នោតជារុក្ខជាតិអត្តសញ្ញាណរបស់ខ្មែរ វាមានសារៈសំខាន់ជាអត្តសញ្ញាណ ទី២ប្រជាពលរដ្ឋយើងប្រើគ្រប់ទាំងអស់ ហើយអាជ្ញាធរជាតិអប្សរាមានបំណងតាំងពី០៤ឆ្នាំកន្លងមកហើយ យើងបានបណ្តុះនិងដាំកូនត្នោតប្រមាណជាង៦.០០០ដើម ហើយអាជ្ញាធរជាតិអប្សរាដាំដើមឈើណាដែលជាបេតិកភ័ណ្ឌរបស់យើង ដែលជាអត្តសញ្ញាណជាតិហើយក៏ជាដើមឈើ ដែលមានប្រយោជន៍។
ឯកឧត្តម ហង់ ពៅ ក៏បានសំណូមពរដល់ប្រជាពរដ្ឋចូលរួមថែរក្សា កូនត្នោតដែលអាជ្ញាធរជាតិអប្សរាបានដាំកុំឱ្យមានការ បាត់បង់។
សូមបញ្ជាក់ថា ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយមានតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្មជាតិ។ ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជាដោយ ព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិ សម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា៕​