ក្រសួងការងារ ណែនាំពីវិធានសុវត្ថិភាពដល់ម្ចាស់ រោងចក្រ សហគ្រាស និងកម្មករនិយោជិត នៅតំបន់ដែលអាចរងជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ភ្នំពេញ៖ ក្រសួងការងារ បានណែនាំពីវិធានសុវត្ថិភាពដល់ម្ចាស់ រោងចក្រ សហគ្រាស និងកម្មករនិយោជិតនៅតំបន់ដែល អាចរងជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសហានិភ័យការងារនិងបង្ការគ្រោះថ្នាក់ជាយថាហេតុ។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំ សម្រាប់ម្ចាស់និងនាយករោងចក្រ សហគ្រាស ត្រូវតាមដានជាប្រចាំនូវការព្យាករណ៍ឧតុនិយម និងត្រៀមគោលការណ៍ណែនាំអំពីសុវត្ថិភាព និងវិធានជម្លៀសខ្លួននៅពេល មានទឹកលិច។ត្រូវសហការនិងគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនិងត្រូវផ្អាកសង្វាក់ផលិតកម្មជាបណ្ដោះ អាសន្ន ក្នុងករណីមានទឹកជន់លិចខ្លាំងមិនអាចរក្សាសុវត្ថិភាពបាន។ ត្រូវពិនិត្យមើលប្រព័ន្ធអគ្គិសនីនិងត្រូវបិទចរន្តអគ្គិសនីជាបណ្ដោះអាសន្នភ្លាម ក្នុងករណីទឹកហូរចូលក្នុងអគារផលិតកម្ម និងបរិវេណរោងចក្រ សហគ្រាស ។ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីកន្លែងដែលមានស្តុកទុកសារធាតុគីមី និងត្រូវបិទធុងរក្សាសារធាតុគីមីឱ្យបានជិតល្អ ដើម្បីចៀសវាងការលេចធ្លាយប៉ះពាល់ដល់សុខភាពរបស់កម្មករ និយោជិតនិងប្រជាពលរដ្ឋ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា សម្រាប់កម្មករនិយោជិត ត្រូវគោរពតាមការណែនាំនិងការចាត់ចែងរបស់និយោជក ពាក់ព័ន្ធនឹងវិធានការសុវត្ថិភាព ។ ត្រូវចូលរួមសហការជាមួយនិយោជកក្នុងការបង្ការទប់ស្កាត់ការហូរចូលនៃជំនន់ទឹកភ្លៀង ទៅក្នុងអគារផលិតកម្មនៅបរិវេណរោងចក្រ សហគ្រាស ត្រូវនៅឱ្យឆ្ងាយពីប្រភពឬខ្សែភ្លើងដែលចម្លងចរន្តអគ្គិសនី ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់និងនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលស្ថិតក្នុងតំបន់អាចរងជំនន់ទឹកភ្លៀងទាំងអស់នឹងអនុវត្តតាមការណែនាំខាងលើនេះ ៕