ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ភ្លៀងនៅតែបន្ត​ធ្លាក់​ខ្លាំង ខណៈដែរតំបន់សមុទ្ទ នឹងមាន​ភ្លៀង​លាយឡំ​ខ្យល់​បក់​បោក ​និង​រលក​សមុទ្រ​ខ្ពស់ៗ

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានជូងដំណឹងថា យោង​តាម​ការ​វិវត្ត​នៃ​ស្ថានភាព​អាកាសធាតុ​មកដល់​វេលា​នេះ​ ក្រសួងបានព្យាករថា ​ប្រព័ន្ធ​សម្ពាធ​ទាប ​ដែល​អូស​បន្លាយ​លើ​កម្ពុជា​ កាន់តែ​បង្កើន​ឥទ្ធិពល​ជាលំដាប់​។

ចំណែក​វិសម្ពាធ ​ដែល​បាន​កើត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ក្រសួង​បាន​ជូនដំណឹង​ថា​វា​នឹង​ក្លាយទៅជា​ព្យុះ​ទី ១៧ កាលពី​ថ្ងៃទី ១៥ ខែតុលា​ឆ្នាំ ២០២០ នោះ​ពេលនេះ ​វា​ស្ថិតនៅ​ត្រឹម​កម្រិត​ជា​វិសម្ពាធ ​ដដែល​ដោយ​មាន​ល្បឿន​ខ្យល់​អតិបរមា ១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី​ ដែល​ទាប​ជាង​ល្បឿន​របស់​ព្យុះ (Tropical Storm​) តែ២ម៉ែត្រ​ក្នុង​មួយ​វិនាទី​តែប៉ុណ្ណោះ​។

វិសម្ពាធ​នេះ​ នឹង​ធ្វើដំណើរ​ឆ្ពោះ​ចូល​មក​លើ​ភាគ​ក​ណ្តា​ល​ប្រទេស​វៀតណាម​នៅ​ថ្ងៃ ១៧ ខែតុលា​ឆ្នាំ ២០២០ ។

ស្ថានភាព​បែបនេះ​នឹងធ្វើឲ្យភ្លៀង​ នៅតែ​បន្ត​ធ្លាក់​ច្រើន​ពិសេស​ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែតុលា​ឆ្នាំ២០២០ នៅ​តាម​ប​ណ្តា​ខេត្ត​ភាគ​ពាយ័ព្យ ​ប​ណ្តា​ខេត្ត​នៅ​ភូមិ​សា​ស្រ្ត​ជាប់​ក្បែរ​ជួរភ្នំ​ដងរែក ​ខ្ពង់រាប​ភាគ​ឦសាន​ និង​តំបន់​ជួរ​ភ្នំក្រវាញ​ នឹងអាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​បន្ត​។

ក្រសួងបានបញ្ជាក់ថា តំបន់​មាត់សមុទ្ទ​ នឹងអាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ​និង​នៅ​លើ​ផ្ទៃសមុទ្ទ ​មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់​បោក​និង​រលក​សមុទ្ទ​ខ្ពស់ៗ។

ជាមួយគ្នានោះ ក្រសួងធនធានទឹក បានអំពាវនាវ​ដល់ ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ​និង​សាធារណជន​ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​នៅ​តំបន់​ខាងលើ​ បង្កើន​ការ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕ ដោយ៖ កន ចំណាន