អាជ្ញាធរមីនពង្រឹងវិធានការការពារនិងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមពេលទឹកជំនន់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ភ្នំពេញ៖ អាជ្ញាធរមីន បានណែនាំពីការពង្រឹងវិធានការការពារនិងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាម ក្នុងពេលនិងក្រោយពេលគ្រោះទឹកជំនន់ ដើម្បីទប់ស្កាត់បាននូវគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។

តាមសេចក្តីណែនាំរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បញ្ជាក់ថា ក្នុងពេលនិងក្រោយពេលទឹកជំនន់ មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួន ត្រូវបានប្រទះឃើញដោយសារ ការហូរច្រោះដី រសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុង រស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ។

អាជ្ញាធរមីនបានធ្វើការណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនខេត្ត គ្រប់ប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និងអង្គការពាក់ព័ន្ធ ចូលរួមសហការអនុវត្តនូវវិធានការមួយចំនួន រួមមាន ៖

១.តាមដានជាប្រចាំនៅតាមទីទួលសុវត្ថិភាពនិងកន្លែងទំនាបនានា ដែលប្រជាពលរដ្ឋស្នាក់នៅនិងឆ្លងកាត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ។

២. ផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារានិងកុមារី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងពេលប្រទះឃើញគ្រាប់ទាំងនោះ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ឬប្រតិបត្តិករបោសសំអាតមីនដែលមាននៅទីនោះជាបន្ទាន់ ដើម្បីយកគ្រាប់មីនទាំងនោះទៅកម្ទេចចោល ។

៣. រៀបចំខ្លឹមសារផ្សព្វផ្សាយនិងផលិតជាសម្ភារៈអប់រំ សម្រាប់ផ្ដល់ជូនភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បណ្ដាញមីនស្ម័គ្រចិត្ត សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយ សម្រាប់ធ្វើការអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ ។

៤. ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋបានរាយការណ៍ ។

៥. ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់ នៅតាមតំបន់សង្ស័យមានមីននឹងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ដែលអាចហូរតាមទឹកនិងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅឬឆ្លងកាត់ និង

៦. បន្តចុះអប់រំពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋដែលកំពុង ស្នាក់នៅបណ្ដោះអាសន្នតាមទីទួលសុវត្ថិភាពនានា ក៏ដូចជាតំបន់ដទៃទៀត ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេលនិងក្រោយពេលគ្រោះទឹកជំនន់ ៕