ប្រមុខរាជរដ្ឋាភិបាល អំពាវនាវប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ត្រូវស្តាប់អាជ្ញាធរដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

វិទ្យុជាតិកម្ពុជា៖លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ត្រូវស្តាប់​អាជ្ញាធរ ដើម្បី​ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈដែលស្ថានភាពជំនន់ទឹកភ្ញៀងមិនទាន់​មានការធូរស្រាល​នៅឡើយ​នោះ។

ថ្លែងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយជំនន់់ ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា យោងតាមការព្យាករណ៍របស់​ក្រសួងធនធានទឹក​និងឧតុនិយម អាចនឹងមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនផ្សេងទៀត ហេតុដូចនេះ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ហើយប្រជាពលរដ្ឋដែលកំពុងជួបគ្រោះធម្មជាតិនេះ ក៏ត្រូវស្តាប់អាជ្ញាធរ ក្នុងការចាកចេញទៅរកកន្លែងទីទួលសុវត្ថិភាព ។

សម្តេចតេជោបញ្ជាក់ថា ការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនេះ គឺដើម្បីធានាបានសុវត្ថិភាព មិន ប្រឈមបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ ខណៈដែលជំនន់ទឹកភ្លៀងបាន​បង្កផលប៉ះ​ពាល់យ៉ាងច្រើន។
សំឡេង« បច្នុប្បន្ននេះ រាជរដ្ឋាភិបាលមិនទាន់ បានបូកសរុប ការខូចខាចនៅឡើយទេ ព្រោះអាទិភាពរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវសង្គ្រោះប្រជាជន អោយចេញផុតពីតំបន់រងគ្រោះសិន នេះជាបញ្ហាសំខាន់។ហើយសារនេះមិនមែនគ្រាន់តែរាជធានីភ្នំពេញនិងខេត្តកណ្ដាលប៉ុណ្ណោះទេ ក៏ប៉ុន្តែសារនេះខ្ញុំបញ្ជូនទៅគ្រប់ខេត្ត ក្រុងទូទាំងប្រទេស។ ហើយឥឡូវនេះមានត្រឹមតែ១០ខេត្តប៉ុណ្ណោះ ដែលខ្ញុំបានប្រើថវិកាសម្រាប់សង្គ្រោះ។ ក៏ប៉ុន្តែបើយោងទៅអ្វីលើការព្យាករណ៍នៅក្រសួងធនធានទឹក នឹងអាចមានភ្លៀងធ្លាក់ នៅតំបន់មួយចំនួនផ្សេងទៀត ដែលយើងត្រូវត្រៀមបម្រុងឲ្យគ្រប់ខេត្តទាំងអស់ នៅគ្រប់ទីកន្លែង ប្រុងប្រៀបផ្ដល់អាទិភាពនូវការជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ ហើយក៏សុំចិត្តចំពោះប្រជាពលរដ្ឋនៅពេលដែលអាជ្ញាធរស្នើសុំឱ្យមានការចាកចេញ សុំមេត្តាចាកចេញទៅតាមសំណូមពររបស់អាជ្ញាធរចៀសវាងការកើតមាននូវគំនិតថា មិនអីទេ ព្រោះអាពាក្យថាមិនអីទេនេះហើយ ដែលប្រជាពលរដ្ឋរបស់យើង ដោយសារតែរឿងមិនអីពីម្សិល ឬមិនអីពីព្រឹកមិញ ប៉ុន្តែវានឹងអីនៅល្ងាចនេះតែម្ដង ព្រោះយើងមើលមិនឃើញនោះទេ»។
ក្នុងឱកាលនោះដែរ សម្តេចតេជោក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មិនត្រូវបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់បាយ ឬស្លាប់ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ ពោលត្រូវប្រើគ្រប់កម្លាំងទាំងអស់ ដើម្បីជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ មកកាន់កន្លែងមានសុវត្ថិភាព។ ពិសេសត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យគ្រប់ពេលទាំងអស់ មិនឲ្យខ្វះខាតនោះឡើយ៕