ប្រជាពលរដ្ឋឃុំស្ទឹងត្រង់ដែលរងគ្រោះដោយទឹកជំនន់ចំនួន៣១៨ គ្រួសារទទួលជំនួយពីរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖
ប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយខេត្ត កាលពីថ្ងៃទី១៥ ខែតុលា បាននាំយកជំនួយរបស់រាជរដ្ឋាភិបាលទៅជូនប្រជាពលរដ្ឋ​កំពុងរង​គ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តមមានប្រសាសន៍ថា បន្ទាប់ពីប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះនិងភ្លៀងធ្លាក់​ជាបន្តបន្ទាប់រយៈ​ពេលជាច្រើន​ថ្ងៃមក ធ្វើឱ្យភូមិសាស្ត្រក្នុងខេត្តប៉ៃលិនមានជំនន់ទឹកភ្លៀងដែលនាំឱ្យប៉ះ​ពាល់ដល់ទូទាំង​ស្រុកសាលាក្រៅ ក្នុងនោះឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ បានរងផលប៉ះពាល់ខ្លាំងជាងគេ បណ្ដាលឱ្យលិច​ផ្ទះជាច្រើនខ្នង, ខូចខាតដំណាំផ្សេងៗជាច្រើនហិកតា ជាពិសេសដំណាំចម្ការ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានប្រាប់ដល់ប្រជាពលរដ្ឋឱ្យបង្កើនការថែរក្សាអនាម័យ និងការរស់នៅឱ្យបានល្អ ចៀសវាងនូវជំងឺផ្សេងៗ ជាពិសេសត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រឈមមុខ​នឹងការឆ្លង រីករាលដាលយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំស្ទឹងត្រង់ ត្រូវយកចិត្តទុក្ខដាក់ពិនិត្យមើលស្ថានភាពទឹក អោយបានជាប់ជានិច្ច បើសិនមានបញ្ហាអ្វី ត្រូវជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ។

អំណោយរាជរដ្ឋាភិបាលដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ចែកជូនដល់ប្រជាពលរដ្ឋឃុំស្ទឹង​ត្រង់ចំនួន ៣១៨គ្រួសារនោះ មាន ភូមិ អូដូនតាលើ ចំនួន១៤ គ្រួសារ , ភូមិអូដូនក្រោមចំនួន១២គ្រួសារ , ភូមិដីស្អិតចំនួន២៥ គ្រួសារ, ភូមិដីសរថ្មី ចំនួន៤៣គ្រួសារ ,ភូមិព្រៃសន្ទះចំនួន៦៨គ្រួសារ, ភូមិផ្ទះស្បូវចំនួន៦៧ គ្រួសារ និងភូមិកូនដំរីចំនួន៨៥ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ១០ គីឡូក្រាម ត្រីខ១ យួ នឹងមី១កេស ផងដែរ។

ដោយឡែកចំនួន៤ គ្រួសារទៀតរស់នៅភូមិដីសរ ដែលផ្ទះរបស់បងប្អូន ត្រូវបានទឹកជំនន់ហូរនាំយកទៅនោះ ក្នុងមួយគ្រួសារទទួលបាន អង្ក ១០គីឡូ ត្រីខ១យួ មី១កេស ទឹកសុទ្ធ១កេស ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ធុងទឹកកក ១ កាធុនបោកខោអាវ១ ចង្ក្រាន ១ តង់១ ម៉ុង១ កន្ទេល ១ ខ្នើយ២ និងសម្ភារផ្សេងៗមួយចំនួនទៀត៕ អត្ថបទ លោក គួន ធិ