ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

ភ្នំពេញ៖ ឯកឧត្តម អាណាតូលី បូរូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា បានសន្យា​ជំរុញកិច្ច​សហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា សំដៅនាំមក នូវផលប្រយោជន៍​ដល់ប្រជាជនទាំងសងខាង។

ការបញ្ជាក់ពីជំហរនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមចូលជួបសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា ព្រឹកថ្ងៃទី១៦ ខែតុលា។
ឯកឧត្តម បានបញ្ជាក់ថា បេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេភាគី និងពហុភាគី។

ឯកឧត្តម បានបង្ហើបថា អ្នកវិនិយោគទុនរុស្សីមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការបណ្តាក់ទុននៅកម្ពុជា នៅក្នុងវិស័យជាច្រើនមានដូចជា ថាមពលអគ្គិសនី ជាដើម។

ឯកឧត្តម បានចូលរួមចែករំលែកទុក្ខលំបាក និងសម្តែងការ សោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរង​គ្រោះ ធម្មជាតិជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេស​រុស្ស៊ីក្នុងការ ស្រាវជ្រាវ និងផលិតថ្នាំនិងវ៉ាក់សំាងជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេច មានប្រសាសន៍ថា ក្នុងកាលៈទេសៈ ដែលបច្ចុប្បន្នដែលពិភពលោកទាំងមូល កំពុងជួបវិបត្តិជំងឺកូវីដ១៩ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគាំទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ៕