លោក មូន ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលចំពោះការបង្កើតវ៉ាក់សាំងកូរ៉ូណាវីរុស

AKP ភ្នំពេញថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយថា រដ្ឋាភិបាលនឹងមិនទុកចោលនូវការគាំទ្រដល់ការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិធីព្យាបាលដើម្បីព្យាបាលជំងឺឆ្លងនេះទេ។

លោកបាននិយាយថា «ដើម្បីយកឈ្នះមេរោគកូរ៉ូណាវីរុស ការបង្កើតវ៉ាក់សាំង និងការព្យាបាល គឺជាកិច្ចការងារដ៏ធំមួយដែលមិនអាចបរាជ័យបានឡើយ»។

លោកបាននិយាយបន្ថែមថា «រដ្ឋាភិបាលនឹងមិនទុកចោលនូវការផ្តល់ការគាំទ្រដល់ទីបញ្ចប់រហូតដល់ការងារទទួលបានជោគជ័យនោះឡើយ»។

លោក មូន បានជួបជាមួយក្រុមអ្នកជំនាញដែលពាក់ព័ន្ធ និងអ្នកដឹកនាំអាជីវកម្មក្នុងវិស័យជីវជីវសាស្រ្ត SK ដែលជាអង្គភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន SK Group នៅទីក្រុង Seongnam នៅភាគខាងត្បូងទីក្រុងសេអ៊ូល។

លោក មូន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំង និងការព្យាបាលតាមបែបក្នុងស្រុក ដែលមានលក្ខណៈ«ស្ថេរភាព និងអស្ចារ្យ» បើទោះបីជាវត្ថុធាតុដើមបែបនេះដែលពិភពលោកកំពុងរង់ចាំយ៉ាងអន្ទះសារត្រូវបានរកឃើញនៅបរទេសមុនគេក៏ដោយ។

លោកបានលើកឡើងអំពីតម្រូវការដែលមានបទពិសោធន៏ក្នុងការបង្កើតវ៉ាក់សាំងការពារមេរោគ និងធ្វើឱ្យតម្លៃផ្គត់ផ្គង់ទាប។

លោកបាននិយាយថា «យើងគួរតែបង្កើនសមត្ថភាពរបស់យើងក្នុងការបង្កើតវ៉ាក់សាំង និងការព្យាបាល ក្នុងការត្រៀមរៀបចំសម្រាប់ការឆ្លងជំងឺឆ្លងនេះកើតមានម្តងទៀតបន្ទាប់ពីមេរោគកូរ៉ូណាវីរុសនេះ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)