ហ្វីលីពីនចង់ឲ្យប្រជាជនទាំងអស់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

AKP ភ្នំពេញថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ១៤ ខែតុលា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា រដ្ឋាភិបាលមានថវិកាសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្តែលោកនឹងត្រូវការថវិកាបន្ថែមទៀត ដោយសារលោកចង់ឱ្យប្រជាជនទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងនេះ។

រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនហ្វីលីពីនទាំងអស់ ដែលលោក ឌូទើតេ បាននិយាយថា ឥឡូវនេះមានចំនួនប្រហែល ១១៣លាននាក់ ប៉ុន្តែអាទិភាពនឹងត្រូវបានផ្តល់ដល់ប្រជជនក្រីក្រ មន្រ្តីប៉ូលីស និងបុគ្គលិកយោធា។

លោក ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា «ប្រជាជនទាំងអស់គួរតែទទួលបានការចាក់វ៉ាក់សាំងនេះដោយគ្មានករណីលើកលែង»។

លោកបាននិយាយថា លោកពេញចិត្តនឹងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមកពីប្រទេសរុស្ស៊ី ឬចិន។ វ៉ាក់សាំងទាំងពីរនេះបានដាក់ពាក្យស្នើសុំដើម្បីធ្វើការពិសោធន៍ព្យាបាលជំងឺនេះនៅក្នុងប្រទេសហ្វីលីពីន។

ក្រៅពីវ៉ាក់សាំងមកពី Sinovac Biotech របស់ប្រទេសចិន និងវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី ហ្វីលីពីនក៏កំពុងវាយតម្លៃអំពីកម្មវិធីផ្នែក Janssen របស់ Johnson & Johnson ដើម្បីអនុវត្តការសាកល្បងដំណាក់កាលទី ៣ នៃវ៉ាក់សាំងជំងឺកូវីដ-១៩ ។

ប្រទេសហ្វីលីពីនបានកត់ត្រាការឆ្លងមេរោគឆ្លងកូរ៉ូណាវីរុសថ្មីចំនួន ១.៩១០ករណីកាលពីថ្ងៃទី ១២ ខែតុលា និងអ្នកស្លាប់មានចំនួន ៧៨នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសនេះមានចំនួន ៣៤៦.៥៣៦នាក់ដែលជាតួលេខខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងមានអ្នកស្លាប់ចំនួន ៦.៤៤៩នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)