សម្តេចតេជោមានមោទនភាព ដែលប្រជាជនកម្ពុជាមានស្មារតីរួបរួមជាតិ ជួយគ្នានៅពេលមានទុក្ខលំបាក ដោយគ្មានការរើសអើងនិន្នាការនយោបាយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖សម្តេចតេជោមានមោទនភាពដែលប្រជាជនកម្ពុជាមានស្មារតីរួបរួមជាតិជួយគ្នានៅ ពេលមានទុក្ខលំបាក ដោយគ្មានការរើសអើងនិន្នាការនយោបាយ ដែលនេះបង្ហាញពីស្មារតីសាមគ្គីភាព ខ្មែរស្រឡាញ់ខ្មែរ ។
ថ្លែងក្នុងឱកាសចុះជួបប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅតាម មូលដ្ឋាន មន្ត្រីក្រុមការងារ ក៏ដូចជាសប្បុរសជននានាបានធ្វើដំណើរចុះចែកជំនួយ សង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដែលនេះជាស្មារតីចេះជួយគ្នា នៅពេលមានទុក្ខលំបាក ។ សម្តេចតេជោ បានប្រកាសថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់និងអត់បាយ ។ សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងនិន្នាការនយោបាយឡើយ ទោះបីជាអ្នកណា បោះឆ្នោតឲ្យគណបក្សនយោបាយណាក៏ដោយ ត្រូវតែជួយទាំងអស់ ។
សំឡេង«ចំណុចមោទនភាពរបស់កម្ពុជាគឺនៅកន្លែងហ្នឹង ពេលមានឧបសគ្គ ស្មារតីរួបរួមបានកើតឡើង លើកលែងតែពួកក្រុមមនុស្សខ្លះ ដែលស្រែកពីក្រៅ ប្រទេសដោយមិនស្គាល់ហេតុការណ៍ ក៏ប៉ុន្តែនៅទីនេះ មិនមែនសុទ្ធតែអ្នកបោះឆ្នោត ឱ្យគណបក្សប្រជាជននោះទេ តែយើងអត់គិតរឿងបក្សនិងមិនបក្សទេ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់ ចៀសផុតពីការអត់បាយ ។ យើងអត់គិតពីបក្សឬមិនបក្សថាចាំតែគណបក្សប្រជាជនបោះឆ្នោតឱ្យហ៊ុនសែន បានយើងជួយទេ យើងអត់ស្គាល់ថាអ្នកណាបោះឆ្នោតឱ្យអ្នកណាទេ យើងគិតអំពី បញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋនិយាយរួមតែម្តង ដោយគ្មានការរើសអើងនិន្នាការ នយោបាយអ្វីទាំងអស់ » ៕