ប្រជាពលរដ្ឋប៉ៃលិនចំនួន៦៤គ្រួសារទទួលបានអំណោយសង្គ្រោះបន្ទាន់ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ 

វិទ្យុជាតិកម្ពុជា៖

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមនិងក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយលោក គីម វីរៈ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិលូដាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋដែលជួបទុក្ខលំបាកនិងរងគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តមបានបញ្ជាក់ថា៖ បន្ទាប់ពីប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមកធ្វើឱ្យភូមិសាស្ត្រក្នុងខេត្តប៉ៃលិន ​ ក្នុងនោះឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ បានរងប៉ះពាល់ខ្លាំងជាងគេ​បណ្តាលឱ្យលិចលង់ ប៉ះពាល់ដល់លំនៅឋាន ដំណាំផ្សេងៗជាច្រើនជាពិសេសដំណាំចម្ការ និងហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនទៀត។

ឯកឧត្តម ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងបឹងបួរ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ជាពិសេសការពារសុវត្ថិភាព និងសុខភាពកូនចៅ គ្រាទឹកជំនន់ឡើងខ្លាំង។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោក គីម វីរៈ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបាននាំជំនួយចែកដល់ប្រជាពលរដ្ឋនាពេលនេះ ដើម្បីបំពេញបន្ថែមពីលើជំនួយដែលបានពីប្រភពនានាកន្លងមក ក្នុងការជួយដោះស្រាយជាប​ន្តបន្ទាប់​តាមដំណាក់កាលនៃគ្រោះមហន្តរាយ និងបំពេញឱ្យគ្នាទៅវិញទៅមកលើស្មារតីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយកត្តាផ្សេងៗ។

គួរបញ្ជាក់ផងដែរថា៖ អំណោយសង្គ្រោះបន្ទាន់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៦៤គ្រួសារនាពេលនេះ​​ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ១០គីឡូក្រាម ត្រីខ០១យួរ និងមីមួយកេសផងដែរ៕

អត្ថបទ ហឿន គឹមហុន