ទាព្រៃស្លាបសមួយក្បាលត្រូវបានជួយសង្រ្គោះពីការគំរាមកំហែង

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

MC: ក្រុមអភិរក្ស បានជួយសង្គ្រោះកូនទាព្រៃស្លាបសមួយក្បាលឱ្យមានជីវិតរស់ឡើងវិញ ខណៈប្រភេទសត្វស្លាបនេះ កំពុងរងការគំរាមកំហែងជិតផុតពូជនៅលើផែនដី។
អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែតុលានេះ បានឱ្យដឹងថា កូនទាព្រៃស្លាប.ស មួយក្បាល ត្រូវបានជួយសង្គ្រោះក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែលជាតំបន់ដាច់ស្រយាលស្ថិតក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ខណៈវាបានចាកចេញពីសំបុករបស់វាក្នុងរន្ធដើមឈើជាមួយមេរបស់វា។
លោក ម៉ៅ ឃៀន ប្រធានក្រុមជីវៈចម្រុះអង្គការ WCS ប្រចាំកម្ពុជាបានបញ្ជាក់ថា កូនទាព្រៃស្លាបសនេះ ត្រូវបានជឿជាក់ថា ស្ថិតក្នុងចំណោមកូនទាព្រៃស្លាបស៥ក្បាល ដែលក្រុមការងារ បានតាមដាននៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ តាមរយៈដាក់ម៉ាស៊ីនថតសត្វព្រៃស្វ័យប្រវត្តិនៅក្បែរសំបុករបស់វា ដើម្បីថតយករូបភាព ដោយមិនឱ្យមានការរំខានដល់ពួកវា។
ចំនួនទាព្រៃស្លាបស ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ ហើយចំនួនរបស់វា មានតិចជាង១.០០០ក្បាលនៅលើពិភពលោក ដោយសារមានការរំខាននិងការបាត់បង់ទីជម្រក ខណៈពួកវាចូលចិត្តរស់នៅ តាមដងអូរដែលគ្មានការរំខាន និងធ្វើសំបុកពងកូន នៅក្នុងរន្ធដើមឈើខ្ពស់ពីដី ឬតាមមែកឈើធំៗ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអភិរក្ស បានឱ្យដឹងថា បច្ចុប្បន្ន ទាព្រៃស្លាបសនេះ មានវត្តមានតែនៅក្នុងប្រទេស ឥណ្ឌា ប៊ូតាន បង់ក្លាដេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ថៃ វៀតណាម និងកម្ពុជា តែប៉ុណ្ណោះ។
លោក សាយម៉ុន ម៉ាហ៊ូដ (Simon Mahood) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ WCS បានថ្លែងថា «ទាព្រៃស្លាបស គឺជាប្រភេទសត្វព្រៃដ៏សំខាន់។ ទីជម្រក របស់វាមានលក្ខណៈពិសេស ហើយយើងត្រូវតែអភិរក្សទីជម្រករបស់វា ដើម្បីការពារ ប្រភេទសត្វនេះ ព្រមទាំងប្រភេទសត្វដទៃៗទៀត។»
អង្គការ WCS សហការជាមួយមន្ទីរបរិស្ថានខេត្ត និងដៃគូដទៃទៀត បាននិងកំពុងធ្វើការជាមួយប្រជាសហគមន៍ នៅក្នុងតំបន់ដើម្បីការពារប្រភេទសត្វដ៏សំខាន់នេះអស់រយៈពេល១០ឆ្នាំកន្លងមកហើយ៕