រដ្ឋបាលរាជធានីភ្នំពេញផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋជាង៤០០គ្រួសារនៅសង្កាត់សាក់សំពៅខណ្ឌដង្កោដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត

នៅព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់មួយចំនួន របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងសង្កាត់ សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន ៤១៨ គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជំនួយមនុស្សធម៌ទាំងនេះ នឹងបានជួយដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិត ខណៈដែលបងប្អូនរងគ្រោះ ដោយទឹកជំនន់នេះបានជួបការលំបាកជាច្រើន។
ឯកឧត្តមបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ទាំងបញ្ហាសុខភាព និងកុមារតូចៗចាស់ជរាដើម្បីធានាសុវត្ថិភាព បញ្ចៀស គ្រោះថ្នាក់នានាដែលអាចកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា តាមតួលេខចុងក្រោយនៃចំនួនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោ គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ នេះ មានចំនួនជិត២ពាន់គ្រួសារហើយ ក្នុងនោះសង្កាត់សាក់សំពៅ មានចំនួន ៤១៨ គ្រួសារ, សង្កាត់ គង ណយ ចំនួន ១៩៣ គ្រួសារ, សង្កាត់ទៀនចំនួន ១១៨ គ្រួសារ និងសង្កាត់ស្ពានថ្ម ៨៩៨គ្រួសារ។ ចំណែកសង្កាត់ចំនួន២ទៀត មានសង្កាត់រលួសនិងសង្កាត់ព្រែកកំពឹស កំពុងរងការជន់លិចជាបន្តបន្ទាប់ដោយទឹកជំនន់ព្រែកត្នោតវាយប្រហារ៕