ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៤១៨ គ្រួសារ នៅសង្កាត់សាក់សំពៅ បានទទួល អំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោតចំនួន៤១៨​គ្រួសារ ស្ថិតក្នុងសង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ បានទទួលអំណោយពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០២០ នៅសាលា​សង្កាត់​សាក់សំពៅ ។

​សូមបញ្ជាក់ថា អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ចំនួន​៤១៨​គ្រួសារនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ក២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ​១យួរ ទឹកសុទ្ធមួយកេស មី១កេស និងថវិកាចំនួន៥ ម៉ឺន រៀល។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមតំណាង​សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានពាំនាំនូវការផ្ដាំផ្ញើ​សាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយណែនាំឱ្យចេះថែរក្សាអនាម័យ និងការរស់នៅឱ្យបានល្អ ជាពិសេសត្រូវចេះការពារ​ និង​ទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺ​ផ្សេងៗ។ ឯកឧត្ដមបានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងសង្កាត់ ខណ្ឌ ត្រូវបន្ដយក​ចិត្ត​ទុក្ខ​ដាក់ក្នុងការជន្លៀស ប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពក្នុងខណៈតំបន់នេះ​កំពុងទទួលការ​គំរាម​កំហែងដោយទឹកជំនន់ជាបន្ដបន្ទាប់នោះ ៕

ដោយ សួស សំរិត