សម្តេចតេជោ ថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្នុងខួប ៨ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ

APP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងថ្ងៃខួប ៨ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ជាមួយគ្នានោះប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕ ដោយ៖ កន ចំណន