រដ្ឋបាលរាជធានីភ្នំពេញផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ចំនួន៤នៃខណ្ឌដង្កោដែលរងគ្រោះដោយទឹកជំនន់ព្រែកត្នោក

វិទ្យុជាតិកម្ពុជា ៖ ដោយ​ លោក​ ហុក​ សុខរិន​ និង​លោក​ ចន​ ណារិទ្ធ​


MC៖រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ចំនួន៤នៃខណ្ឌដង្កោដែលរងគ្រោះដោយទឹកជំនន់ព្រែកត្នោកនៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុង ជួបការលំបាក។
ឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីក្រោមឱវាទបានដឹកជញ្ជូនអំណោយមនុស្សធម៌ មានជាស្បៀងអាហារ មួយចំនួនទៅចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៣២១គ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត នៅសង្កាត់ទៀនចំនួន៤៧គ្រួសារ សង្កាត់សាក់សំពៅចំនួន១០៧គ្រួសារ សង្កាត់ ស្ពានថ្ម ចំនួន៥៤គ្រួសារ និងសង្កាត់គងនយ ចំនួន១១៣គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍ថា ជំនួយមនុស្សធម៌ទាំងនេះនឹងបានជួយដោះស្រាយ ការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិត ក្នុងពេលដែលបងប្អូនទទួលរងគ្រោះដោយទឹកជំនន់និង បានជួបការលំបាកជាច្រើន។
ឯកឧត្តមបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ទាំងបញ្ហាសុខភាព និងកុមារតូចៗចាស់ជរា ដើម្បីការពារបញ្ហាប្រឈមគ្រោះថ្នាក់ណាមួយ ដែលអាចកើតឡើងជាយថាហេតុ។
ឯកឧត្តម​បញ្ជាក់​ថា​«ការដោះស្រាយជាបឋមនេះ គឺការចែកមី និងទឹកសុទ្ធជូនពួកគាត់ បន្ទាប់មក គឺចែកអង្ករដើម្បី ជួយដោះស្រាយ ជីវភាពជូនពួកគាត់ ខណៈដែលយើងជួយសង្គ្រោះពួកគាត់រួចផុតពីទឹកហើយ ហើយត្រូវ តែជួយដោះស្រាយស្រាយជីវភាព ជូនពួកគាត់ សូមអរគុណសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តល់ជាថវិកា និងអង្ករសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ។ ឆ្លៀតឱកាសនេះក៏សូមអរគុណដល់ កងកម្លំាងប្រដាប់អាវុធទំាងអស់ដែលបានបំពេញសកម្មភាពយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
គួរជម្រាបថា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានអាវុធហត្ថ ត្រៀមកម្លាំងប្រចាំការជាច្រើនទៀត ដើម្បីជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ខណៈនៅពេលទំនប់សណ្តស្ទឹងព្រែកត្នោតមួយចំនួន បានបាក់ធ្លាយ ហើយហូរទឹកកួចយ៉ាងលឿន ធ្វើឲ្យប៉ៈពាល់ដល់ប្រជាពលរដ្ឋជាង៥០០គ្រួសារ និងលិចផ្ទះសំបែងជា ច្រើនខ្នង៕​