ក្រសួងកសិកម្មលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះដំណាំដើម្បីលើកស្ទួយជីវភាព

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

MC៖  លោកបណ្ឌិត ជូ ជ័យធិរិទ្ឋ អនុប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឱ្យដឹងថា រាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋដាំដុះបន្លែដែលមានរយៈពេលខ្លីបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ 

ប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្មីៗនេះ លោកបណ្ឌិត ជូ ជ័យធិរិទ្ឋបន្តថា ការខិតខំដាំដុះនេះ មានផលចំណេញណាស់ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលក់ចេញទៅកាន់ទីផ្សារ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារបានថែមទៀតផង។

លោកបន្តថា ៖«សព្វថ្ងៃនេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មគឺខិតខំប្រឹងប្រែងណាស់ ក្នុងការចងក្រងឯកសារជាច្រើន ដើម្បីបណ្តុះបណ្តាលដល់កសិករនិងជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផង ធ្វើម៉េចដាំឱ្យបាន ផលច្រើនចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ដោយកាត់បន្ថយការប្រើប្រាស់ជីគីមី»។

សូមបញ្ជាក់ថា កាលពីកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដាំបន្លែនិងចិញ្ចឹមសត្វបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវទីផ្សារក្នុងស្រុក ខណៈដែលផលិតផលកសិកម្ម ខាងក្រៅប្រទេសមិនអាចនាំចូលបាន៕​