ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធី «ពិព័រណ៍សត្វកម្ពុជា» នៅបរិវេណសួនច្បារមាត់ស្ទឹងខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា លោកអេង យូ


សៀមរាប ៖ ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធី «ពិព័រណ៍សត្វកម្ពុជា» លើកទី២ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ» ក្នុងបរិវេណសួនច្បារមាត់ស្ទឹងខេត្តសៀមរាបនៅថ្ងៃទី១៧និង១៨ខែតុលាឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោកសួង មារឌី អនុប្រធាននាយកដ្ឋានរង្វាន់និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានបានឱ្យដឹងថា ការរៀបចំនេះដើម្បីបង្ហាញពីសក្តានុពលនិងបញ្ជ្រាបចំណេះដឹងអំពីសារៈសំខាន់នៃសត្វស្លាប ដល់សាធារណជន ជាពិសេសយុវជនឱ្យបានចូលរួមក្នុងកិច្ចការពារសត្វស្លាបនៅក្នុងតំបន់របស់ខ្លួន។ សត្វស្លាបក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនានៅតាមរមណីយដ្ឋានធម្មជាតិនានា និងបានរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា នៅក្នុងថ្ងៃពិព័រណ៍ខាងមុខនេះ ក្រសួងបរិស្ថានគ្រោងនឹងតាំងបង្ហាញរូបភាពសត្វស្លាបដ៏កម្រចំនួន ២១ប្រភេទទៅកាន់សាធារណៈជន ព្រមជាមួយការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីអ្នកជំនាញសត្វស្លាបផងដែរ។
ក្រសួងបរិស្ថានបានរៀបចំពិព័រណ៍សត្វស្លាបកម្ពុជាលើកទី១កាលពីខែមីនា ឆ្នាំ ២០១៨ នៅបរិវេណតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ ដែលមានភ្ញៀវចូលទស្សនាជាច្រើន ពិសេសយុវជន៕