រមណីយដ្ឋានទឹកធ្លាក់ជ្រាវខេត្តកំពង់ស្ពឺនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា៖ហាន់ស្រីណា


កំពង់ស្ពឺ៖ រមណីយដ្ឋានទឹកធ្លាក់ជ្រាវខេត្តកំពង់ស្ពឺនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តជារៀងរាល់ថ្ងៃដោយសារទីនោះមានទឹកធ្លាក់លាយឡំជាមួយធម្មជាតិព្រៃឈើធំៗនិងជួរភ្នំជាច្រើននៅព័ទ្ធជុំវិញបង្កើតជាទេសភាពខៀវស្រងាត់យ៉ាងស្រស់ស្អាត។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងនិងជួរភ្នំជាច្រើន ពិសេសសម្បូរទៅដោយសត្វព្រៃ ជីវចម្រុះជាច្រើនប្រភេទ និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ ដែលជាភាពទាក់ទាញបែបធម្មជាតិ ធ្វើឱ្យភ្ញៀវទេសចរស្តាប់កម្សាន្តយ៉ាងពិរោះនិងមានអារម្មណ៍រីករាយ បាត់អស់ក្តីហ្មងសៅ ។
លោកបានបន្តថា ក្រៅពីសម្បូរទៅដោយធនធានធម្មជាតិនិងជីវចម្រុះ លក្ខណ:ពិសេសនៃរមណីយដ្ឋានទឹកធ្លាក់ជ្រាវ គឺ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ទៅ៧ទៅ៨ជាន់ ហើយមិនចេះរីកស្ងួតមិនថារដូវប្រាំឬរដូវវស្សា ផ្ទៃទឹកខៀវស្រងាត់ ត្រជាក់ដូចទឹកអម្រិត អំណោយផលដល់ភ្ញៀវទេសចរក្នុងការងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។
លោកបញ្ជាក់ថា កាលណាមានជួរភ្នំវែងច្រើនអ៊ីចឹងវាមានជីវៈចម្រុះដុះនៅលើហ្នឹងអ៊ីចឹងអ្នកទេសចរភាគច្រើនគាត់ចូលចិត្តទៅលេងភ្នំទៅលេងទឹកធ្លាក់ប៉ុន្តែអ្វីដែលទាក់ទាញខ្លាំងគឺទឹកធ្លាក់ នៅជ្រាវហ្នឹងគឺជាទឹកធ្លាក់មួយដែលថ្លាល្អ ហើយមានចម្ងាយវែងជាងគេ ហើយទឹកនោះមិនចេះដាច់ទេទំាងខែប្រាំងក៏ដូចខែវស្សា គឺមិនចេះដាច់ទេ។
លោកបន្ថែមថា ដោយសារតែមានលក្ខណ:ល្អឯកបែបធម្មជាតិ ធ្វើអោយទឹកធ្លាក់ជ្រាវអាចស្រូបទាញភ្ញៀវទេសចរមកលេង មិនចេះដាច់ ដោយក្នុង១ថ្ងៃមានប្រមាណជាង៦០០នាក់ ដោយឡែកសម្រាប់ថ្ងៃបុណ្យទានធំៗដូចជាបុណ្យភ្ជុំ ក្នុង១ថ្ងៃមាន ភ្ញៀវទេសចរមកលេងប្រមាណ១២០០នាក់ដែលអាចជួយជីវភាពរបស់បងប្អូនប្រជាសហគមន៍បានមួយកម្រិត។
សូមបញ្ជាក់ថាតំបន់ទឹកធ្លាក់ជ្រាវ ស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ៕